(ភ្នំពេញ)៖ ជាគោលការណ៍ ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើសិទ្ធិ និងរូបរាងកាយបុគ្គលណាមួយឡើយ ទោះបីជាបុគ្គលនោះបានប្រព្រឹត្តបទល្មើស ហើយត្រូវបានដាក់ទោសតាមកំណត់ច្បាប់ក៏ដោយ ។ ដោយឡែក ប្រសិនបើបុគ្គលដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នឹងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ហើយភ្នាក់ងាររដ្ឋបាលពន្ធនាគារត្រូវទទួលឃុំខ្លួន បុគ្គលនោះ ទៅតាមការសម្រេចរបស់តុលាការដែលមានសមត្ថកិច្ច ។

ផ្ទុយទៅវិញ ក្នុងករណីភ្នាក់ងាររដ្ឋបាលពន្ធនាគារ ឃុំខ្លួន ឬដោះលែងបុគ្គលទាំងនោះ ដោយមិនមានការសម្រេចរបស់តុលាការទេនោះ

ភ្នាក់ងាររដ្ឋបាលពន្ធនាគារនោះទទួលខុសត្រូវចំពោះមុខច្បាប់ដែរឬទេ? ហើយត្រូវទទួលខុសត្រូវយ៉ាងដូចម្តេច?

ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី បទឃុំខ្លួន ឬដោះលែងដោយខុសច្បាប់
មកធ្វើការពន្យល់ជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា។

ពន្ធនាគារ គឺជាទីកន្លែងប្រើសម្រាប់ធ្វើការឃុំឃាំងជនជាប់ឃុំ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ រួមមានមណ្ឌលឃុំខ្លួន និងមណ្ឌលអប់រំកែប្រែ ដើម្បីអប់រំ កែប្រែ និងស្តារនីតិសម្បទាជាដើម ។ ហេតុដូចនេះ ភ្នាក់ងាររដ្ឋបាលពន្ធនាគារ (ប្រធានពន្ធនាគារ ឬមន្ត្រីពន្ធនាគារជាអាទិ៍) អាចឃុំ ឬដោះលែងបុគ្គលណាម្នាក់បាន លុះត្រាតែមានសេចក្តីសម្រេចចេញដោយអាជ្ញាធរតុលាការ ។ បើពុំដូច្នោះទេ ភ្នាក់ងាររដ្ឋបាលពន្ធនាគារ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ស្របតាមបញ្ញត្តិមាត្រា ៥៩០ នៃក្រមព្រហ្មទណ្ឌ ដែលបានចែងថា «អំពើរបស់ភ្នាក់ងាររដ្ឋបាលពន្ធនាគារដែលទទួលឃុំខ្លួន ឬដោះលែងបុគ្គលណាមួយដោយគ្មានដីកា សាលដីកា សាលក្រមបញ្ជាឱ្យឃុំខ្លួន ឬឱ្យដោះលែង ដែលធ្វើឡើងស្របច្បាប់ទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០
(ដប់លាន) រៀល»

ឧទាហរណ៍ទី១៖ អំពីការឃុំខ្លួនដោយខុសច្បាប់ មន្ត្រីនគរបាលបានចាប់ជនសង្ស័យម្នាក់ ដែលបានលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយបញ្ជូនជនសង្ស័យនោះទៅឱ្យពន្ធនាគារតែម្តង ហើយភ្នាក់ងាររដ្ឋបាលពន្ធនាគារទទួលជននោះយកមកឃុំឃាំង ដោយពុំមានសេចក្តីសម្រេចរបស់តុលាការនោះទេ ដែលសកម្មភាពនេះ គឺជាការឃុំខ្លួនដោយខុសច្បាប់ ។

ឧទាហរណ៍ទី២៖ អំពីការដោះលែងដោយខុសច្បាប់ ភ្នាក់ងាររដ្ឋបាលពន្ធនាគារ ឃើញថាជនជាប់ឃុំម្នាក់មានសុខភាពមិនល្អ និងមិនដែលបង្កបញ្ហាណាមួយជាមួយជនជាប់ឃុំផ្សេងទៀតនោះទេ ហើយជនជាប់ឃុំខាងលើក៏ជិតដល់ពេលដោះលែងផងដែរ ដូចនេះភ្នាក់ងាររដ្ឋបាលពន្ធនាគារ ក៏ដោះលែងជនជាប់ឃុំនោះ ដោយពុំមានសេចក្តីសម្រេចរបស់តុលាការនោះទេ ដែលសកម្មភាពនេះ គឺជាការដោះលែងដោយខុសច្បាប់ ។

សរុបមកការឃុំ ឬដោះលែងដោយខុសច្បាប់ គឺជាការឃុំខ្លួន ឬដោះលែងនូវបុគ្គលណាមួយ ដោយភ្នាក់ងាររដ្ឋបាល
ពន្ធនាគារ ដែលពុំមានសេចក្តីសម្រេចរបស់តុលាការ ។ ដូចនេះភ្នាក់ងាររដ្ឋបាលពន្ធនាគារ ត្រូវអនុវត្តទៅតាមបទបញ្ញត្តិដែលមាន បើពុំដូច្នោះទេ ភ្នាក់ងាររដ្ឋបាលពន្ធនាគារ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ស្របតាមបញ្ញត្តិមាត្រា ៥៩០ នៃក្រមព្រហ្មទណ្ឌ ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕