(ភ្នំពេញ)៖ ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលជាងមួយខែរួចមក ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន RTNK Group បានឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យ ខណៈជ័យលាភីលេខ១បានទៅលើក្រុម Fire Unstoppable លេខ២បានទៅលើក្រុម CE&P FC លេខ៣បានទៅលើក្រុម AISAKI និងលេខ៤បានទៅក្រុម Mizuna FC។

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន RTNK GROUP បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណក្លឹបកីឡាផ្លាទីនឹមជ្រោយចង្វា អមដោយការចូលរួមពីសំណាក់គណៈកម្មការរៀបចំការប្រកួត ក្រុមការងារ អាជ្ញាកណ្តាល កីឡាករ តំណាងក្រុមហ៊ុនឧបត្ថម្ភ ព្រមទាំងមានការចូលរួមអបអរសាទរពីសាធារណជន អមដោយការសម្តែងក្បាច់គុនការ៉ាតេដូ ការសម្តែងល្ខោនខោល និងការសម្តែងចម្រៀងរ៉េបរបស់លោក ខ្វាន់ (Kwan)។

ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍នេះ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រកួត និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាតាមរយៈវិស័យកីឡា។

លោកឧកញ៉ាបានបន្តថា ដំណើរការប្រកួតជាងមួយខែកន្លងមកនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយជោគជ័យខ្ពស់ គឺកើតចេញមកពីស្មារតីទទួលខុសត្រូវ ការចេះអត់ឱន និងការគោរពគ្នាទៅវិញទៅមក។ ជាធម្មតា ការប្រកួតតែងតែមានឈ្នះ និងចាញ់ ទោះបីភាគីមួយណាឈ្នះ ឬចាញ់ក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះ គឺសុទ្ធតែមានចំណែកអ្នកទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូបសុទ្ធតែទទួលបានសមិទ្ធផលសម្រាប់ខ្លួនឯងនោះ គឺមិត្តភាព សាមគ្គីភាពរវាងគ្នានឹងគ្នា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលខាងមុខ។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើម និងដឹកនាំផ្ទាល់ពីលោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដោយត្រូវបានចែកចេញជា៤ពូល ក្នុងមួយពូលមាន៤ក្រុម និងកីឡាករចូលរួមសរុបចំនួន១៦ក្រុម។

* ជ័យលាភីលេខ១ បានទៅលើក្រុម Fire Unstoppable ទទួលបានពានជ័យលាភីពណ៌មាស១គ្រឿង និងប្រាក់រង្វាន់ចំនួន៤,០០០,០០០រៀល ចំណែកក្រុមកីឡាករទទួលបានមេដាយមាសម្នាក់១គ្រឿង ព្រមទាំងទទួលបានកាដូម្នាក់មួយៗពីក្រុមហ៊ុន RTNK GROUP ផងដែរ។

* ជ័យលាភីលេខ២ បានទៅលើក្រុម CE&P FC ទទួលបានប្រាក់រង្វាន់ចំនួន៣,០០០,០០០រៀល ចំណែកក្រុមកីឡាករទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង ព្រមទាំងទទួលបានកាដូម្នាក់មួយៗពីក្រុមហ៊ុន RTNK GROUP ផងដែរ។

* ជ័យលាភីលេខ៣ បានទៅលើក្រុម AISAKI ទទួលបានប្រាក់រង្វាន់ចំនួន២,០០០,០០០រៀល ចំណែកក្រុមកីឡាករទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿង ព្រមទាំងទទួលបានកាដូម្នាក់មួយៗពីក្រុមហ៊ុន RTNK GROUP ផងដែរ។

* ជ័យលាភីលេខ៤ បានទៅលើក្រុម Mizuna FC ទទួលបានប្រាក់រង្វាន់ចំនួន១,០០០,០០០រៀល ចំណែកក្រុមកីឡាករទទួលបានកាដូម្នាក់មួយៗពីក្រុមហ៊ុន RTNK GROUP ផងដែរ។

ចំពោះក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទទួលបានលើកទឹកចិត្តក្នុង១ក្រុមៗចំនួន៤០០,០០០រៀល។ រីឯក្រុមដែលត្រូវបានជម្រោះក្នុងពូលទទួលបានប្រាក់លើកទឹកចិត្តក្នុង១ក្រុមៗចំនួន២០០,០០០រៀល។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះអាចឈានមកដល់ទីបញ្ចប់ប្រកបដោយជោគជ័យដោយមានការឧបត្ថម្ភគាំទ្រពី៖ Platinum Sport Club, Brew Coffee and Lounge, Brew Coffee, Brew Catering Service, Brew Park Restaurant, Brew Meat Ball, ស្ថានីយភីធីធី, កាហ្វេ Amazon និងម៉ាត 7-Eleven, ហាងសម្លៀកបំពាក់កីឡា Cartenz Tactical Cambodia និងចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសាវីតាល់៕