(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តចិន Xpeng បានប្រកាសពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen ដោយក្រុមហ៊ុនទាំងពីរបានយល់ព្រមពង្រីកភាពជាដៃគូរបស់ពួកគេ ដើម្បីសហការបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីដែលមានល្បឿនលឿនបំផុតជាលើកដំបូងនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានឱ្យដឹងថា កិច្ចសហការនេះ ធ្វើឡើងជាផ្លូវការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) មានគោលបំណងបើកបណ្តាញសាកថ្មល្បឿនលឿនដោយអនុញ្ញាតឱ្យអតិថិជននៃក្រុមហ៊ុនទាំងពីរ អាចចូលប្រើប្រាស់ស្ថានីយ៍សាកថ្មបានជាង ២០,០០០ បង្គោល នៅទូទាំងទីក្រុងចំនួន ៤២០ក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំងពីរនេះក៏កំពុងស្ថិតក្នុងការពិភាក្សាសាងសង់ស្ថានីយ៍សាកថ្មល្បឿនលឿនក្រោមម៉ាកយីហោរួមគ្នាផងដែរ។ តែយ៉ាងណា ជុំវិញកម្រិតនៃល្បឿនសាកថ្មនេះមិនត្រូវបានក្រុមហ៊ុន Xpeng និង Volkswagen បញ្ជាក់នោះទេ។
គួរជម្រាបថា Xpeng និង Volkswagen បានចាប់គ្នាក្នុងនាមជាដៃគូសហការចាប់តាំងពីឆ្នាំ២០២៣ មកម្លេះ នៅពេលដែល Volkswagen បានទិញភាគហ៊ុន Xpeng ចំនួន ៤.៩៩% ក្នុងតម្លៃប្រហែល ៧០០លានដុល្លារ ជាមួយនឹងគម្រោងរួមគ្នាចេញលក់រថយន្តអគ្គិសនីក្រោមយីហោ Volkswagen ចំនួនពីរនៅឆ្នាំ ២០២៦ខាងមុខ៕