(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៥ ខែមករាម្សិលមិញ មានអត្តពលិកនិយមរត់ចម្ងាយឆ្ងាយសរុបចំនួន ១,៣៦៨នាក់ មកពី ៤៤ប្រទេស បានចុះឈ្មោះចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ (8th Angkor Ultra-Trail) ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ ខណៈក្នុងចំណោមអ្នកចុះឈ្មោះបណ្ដោះអាសន្នខាងលើ មាន ៧៨% គឺជាអ្នកថ្មី ដែលទើបចូលរួមលើកដំបូង។

នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាទេសចរណ៍ខាងលើ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការ NOCC ក្រោយទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាល អនុញ្ញាតឲ្យ NOCC សហការជាមួយក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ និងអង្គភាពពាក់ព័ន្ធ។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានគូសបញ្ជាក់ថា Angkor Ultra-Trail គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Ultra-Trail លើពិភពលោក ដែលត្រូវបានរាជរដ្ឋាភិបាល តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រហូតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបច្ចុប្បន្ន បានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក ក៏ដូចជាផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះ។

លោកបន្ដថា «អ្នកមករត់ មិនមែនគ្រាន់តែរត់ដើម្បីសុខភាព តែមកដល់ស្រុកយើង អាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីយើង...។ គេមកធ្វើព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះ គឺល្អសម្រាប់ស្រុកទេសយើង មានន័យថា ស្រុកយើងពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ ។ ស្រុកទេស ពោរពេញដោយសន្ដិភាព ពោរពេញដោយសន្ដិសុខ និងសុវត្ថិភាព មិនមានអ្វីត្រូវព្រួយបារម្ភ ទោះបីនៅចុងកាត់មាត់ញក ឬជនបទ ក៏គ្មានអ្វីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់កីឡាករដែរ»។

សម្រាប់ព្រឹត្តិការណ៍ Angkor Ultra-Trail លើកទី៨ ឆ្នាំនេះ បច្ចុប្បន្នមានអ្នកចុះឈ្មោះ ១,៣៦៨នាក់ មកពី ៤៤ប្រទេសជុំវិញពិភពលោក ហើយប្រទេសចូលរួមច្រើនជាងគេ មានបារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ ប៉ុន្ដែនៅសល់រយៈពេលប្រមាណ ១០ថ្ងៃទៀត គណៈកម្មការរៀបចំរំពឹងនឹងអាចទាក់ទាញអ្នកចូលរួមកើនដល់ ១,៧០០នាក់ ឬអាចនឹងកើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំមុន ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺអ្នកចុះឈ្មោះបច្ចុប្បន្ន មានអ្នកធ្លាប់ចូលរួមត្រឹមតែ ១២% គ្រាដែល ៧៨% ទៀត គឺជាអ្នកថ្មី។

លោកបណ្ឌិត ថោង ខុន បន្ថែមថា «អ្នកដែលធ្លាប់មករួចហើយ មានតែ ១២% ទេ ប៉ុន្ដែ ៧៨% ទៀត គឺអ្នកចូលរួមថ្មី ។ នេះគឺជាចំណុចសំខាន់ ដែលជួយដល់ការផ្សព្វផ្សាយខ្លាំងណាស់ ។ អ៊ីចឹងព្រឹត្តិការណ៍នេះ ជួយដល់ការផ្សព្វផ្សាយទេសចរណ៍ ពីកម្ពុជាយើង ពិសេសនៅតំបន់អង្គរខ្លាំង ហើយរួមចំណែកជួយដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌ ក៏ដូចជាផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោកទៅខាងក្រៅ រួមចំណែកសំខាន់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ អត្តពលិករត់ចម្ងាយឆ្ងាយកម្ពុជា ដ្បិតវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ជាបណ្ដោះអាសន្នមានអ្នកចុះឈ្មោះរត់ ១២១នាក់ ក្នុងនោះមានអត្តពលិកកម្ពុជា ២៥% ហើយក៏មានស្ដ្រី ៥រូបផងដែរ ។ ក្រៅពីនេះ កីឡាករ-កីឡាការិនីជាច្រើនទៀត បានចុះឈ្មោះរត់វិញ្ញាសាផ្សេងៗ ជាមួយអ្នកនិយមរត់បែបផ្សងព្រេង ដែលភាគច្រើនមកពីអឺរ៉ុប ដូចជាវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ៕