(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានសម្តែងការអបអរសាទរ ដល់ក្រុមកីឡាការិនី របស់ក្លឹបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដែលបានចូលរួមប្រកួតប្រជែងរហូតដណ្តើមបានជ័យលាភី ពានរង្វាន់លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះវិញ្ញាសារនារី របស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយស សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

គួរជម្រាបជូនថា នាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតពានរង្វាន់កីឡាបាល់ទះ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧ មករា ដោយមានការចូលរួមប្រកួតពី សមាគម និងក្លឹប ចំនួន១២ក្រុម ក្នុងនោះនារីចំនួន៨ក្រុម និងបុរសចំនួន៤ក្រុម។

ចំពោះលទ្ធផលបិទបញ្ចប់ការប្រកួត លើវិញ្ញាសារបាល់ទះនារី៖ ជ័យលាភីលេខ១ បានទៅលើ ក្លឹបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, ជ័យលាភីលេខ២ បានទៅលើ ក្លឹបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងជ័យលាភីលេខ៣ បានទៅលើ ក្លឹបបាល់ទះមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ជាមួយគ្នានោះ សម្រាប់វិញ្ញាសារបាល់ទះបុរស៖ ជ័យលាភីលេខ១ បានទៅលើ សមាគមកីឡាបាល់ទះវិសាខា, ជ័យលាភីលេខ២ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ និងជ័យលាភីលេខ៣ បានទៅលើ ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញ។

នេះគឺមោទកភាពថ្មីមួយបន្ថែមទៀត លើផ្នែកអប់រំកាយ និងកីឡា ដែលបានលើកមុខលើកមាត់ ដល់ខេត្តពោធិ៍សាត់របស់យើង កាន់តែត្រូវបានគេទទួលស្គាល់ ខណៈដែរថ្មីៗនេះ ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ទូក(ង) ខេត្តពោធិ៍សាត់ បានជាប់ចំណាត់ថ្នាក់លេខ១, លេខ៦ និងលេខ២៧ ជាទូកដែលមានល្បឿនលឿនដាច់គេ ក្នុងទូកអុំគូរពិសេសផងដែរ៕