(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា សន្តិភាពមានតម្លៃជាទីបំផុតការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់ដំណរមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ ហេតុនេះយើងទាំងអស់គ្នាត្រូវ សាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សស្ថិតស្ថេរ។
លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ និងប៉េតង់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ។
អភិបាលខេត្តបានបន្តថា សូមប្អូនៗ ក្មួយៗ កូនចៅ ជំនាន់ក្រោយ ត្រូវតែចង់ចាំ ដើម្បីផ្សព្វផ្សាយបន្តដល់មនុស្សជំនាន់ក្រោយទៀត សំដៅធ្វើឱ្យថ្ងៃ ៧ មករាស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗជំនាន់។ យើងទាំងអស់គ្នាត្រូវ សាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សស្ថិតស្ថេរ។ សរុបសេចក្តីមកស្មារតី ៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនខ្មែរ ក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោកអភិបាលខេត្តកណ្ដាល បានសំដែងនូវមនោសញ្ចេតនាសប្បាយរីករាយជាមួយកីឡាករទាំងអស់ក្នុងកម្មវិធីប្រកួតនេះ ដែលជាឱកាសដ៏វិសេសវិសាលជាប្រវត្តិសាស្រ្ត នៃជីវិតរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ព្រោះថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានអស់មួយជីវិត ហើយក៏ជាប្រវត្តិសាស្រ្តដ៏ជូរចត់ ឈឺចាប់ខ្លោចផ្សា។
ជាមួយគ្នានេះលោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងការប្រកួតនេះ កីឡាបាល់ទាត់មាន ១៦ក្រុម ស្មើនឹង៣២០នាក់ ដែលជាក្រុមកីឡាមកពីបណ្តាក្លឹបនានាក្នុងខេត្តកណ្តាល ប្រកួតនៅទីលានកីឡដ្ឋានខេត្ត។ ចំពោះកីឡាប៉េតង់ មាន៤០ក្រុម ស្មើនឹង១៦០នាក់ ចែកចេញជា ផ្នែកវ័យចាស់ ៣០ក្រុម, ផ្នែកយុវជន ៦ក្រុម និងផ្នែកនារី ៤ក្រុម ក្នុងនោះមានក្រុមកីឡាមកពីរាជធានីភ្នំពេញចំនួន ៣ក្រុម ប្រកួតនៅទីលានប៉េតង់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងទីលានប៉េតង់ វិទ្យាល័យ ហ៊ុន សែន តាខ្មៅ៕