(តាកែវ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្តតាកែវ ដែលបានចាប់ផ្ដើមកាលពីសប្ដាហ៍មុននេះ និងមានក្រុមចូលរួមប្រកួតចំនួន ២៣ក្រុមនោះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល D រវាងក្រុមរដ្ឋបាលស្រុកបាទី និងក្រុមមន្ទីររៀបចំដែនដីនគបាលរូបនីយកម្មសំណង់ និងសូរិយោដីខេត្តតាកែវ នៅទីលានសាលាគរុកោសល្យខេត្ត សម្រេចលទ្ធផលក្រុមរដ្ឋបាលស្រុកបាទី ឈ្នះក្នុងលទ្ធផល ៣ ទល់នឹង២។
លទ្ធផល៣ ប្រកួតរបស់ក្រុមរដ្ឋបាលស្រុកបាទីកន្លងមក គឺឈ្នះ ២ប្រកួត និងចាញ់ ១ប្រកួត ទទួលបាន៦ពិន្ទុ និងនៅសល់មួយប្រកួតទៀត។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្តតាកែវលោក វ៉ី សំណាង លើកទី១ ឆ្នាំ២០២៥ នេះ បានចាប់ផ្ដើមប្រកួតពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមប្រកួតចំនួន ២៣ក្រុម និងចែកចេញជា ៤ពូល ដោយពូលA មាន ៦ក្រុម ពូលB មាន ៦ក្រុមពូលC មាន ៦ ក្រុមនិងពូលD មាន ៥ក្រុម៕