(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកិច្ចសន្យាធំជាងគេរបស់ពិភពលោក Foxconn បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២៤ ដោយបានបំបែកកំណត់ប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មាន និងលើសពីការរំពឹងទុក ដែលត្រូវបានជំរុញជាចម្បងដោយតម្រូវការខ្លាំងសម្រាប់ម៉ាស៊ីនមេ AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ប្រាក់ចំណូលដែលរកបានពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple តាមរយៈការដំឡើង iPhone បានកើនឡើងខ្ទង់ ១៥.២% ដល់ចំនួន ៦៤.៧២ពាន់លានដុល្លារ ឬស្មើនឹង ២.១៣ពាន់ពាន់លានដុល្លារតៃវ៉ាន់។ ខណៈវាជាតួរលេខដ៏ច្រើនបំផុតបើធៀបទៅនឹងការប៉ាន់ប្រមាណពី LSEG SmartEstimate ដែលព្យាករណ៍ថារកចំណូលបានត្រឹម ២.១ពាន់ពាន់លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះ។ Foxconn បានឱ្យដឹងថាទៀតថា ក្រៅតែពីចំណូលដែលបានមកពី Apple នៅក្នុងត្រីមាសទី៤ នេះតម្រូវការម៉ាស៊ីនមេ AI ក៏បាននាំមុខគួរឱ្យកត់សម្គាល់ផងដែល ជាពិសេសនៅក្នុងផែ្នក Cloud និង Network ដែលផ្គត់ផ្គង់ទៅក្រុមហ៊ុនផលិតបន្ទះឈីប Nvidia។
យោងតាមរបាយការណ៍ ប្រាក់ចំណូលដែល Foxconn រកបានសរុបក្នុងខែធ្នូតែមួយបានឈានដល់កម្រិតខ្ពស់បំផុតដល់ ៦៥៤.៨ពាន់លានដុល្លារតៃវ៉ាន់ កើនឡើងខ្ទង់ ៤២.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ Foxconn ក៏បានបង្ហាញពីទស្សនៈវិស័យសម្រាប់ត្រីមាសបច្ចុប្បន្នផងដែល ពោលគឺត្រីមាសទី១ នៃឆ្នាំ២០២៥ ខណៈប្រតិបត្តិការទាំងមូលកំពុងមានភាពរលូន និងអាចបំបែកំណត់កាលលក់ដូចគ្នានឹងត្រីមាសទី ៤នៃឆ្នាំ២០២៤។
គួរជម្រាបថា ភាគហ៊ុនរបស់ Foxconn បានកើនឡើង ៧៦% ក្នុងឆ្នាំ២០២៤ ក្នុងទីផ្សារតៃវ៉ាន់ ដែលជាលទ្ធផលល្អបំផុតបើធៀបនឹង ២៨.៥% កាលពីឆ្នាំ២០២៣។ យ៉ាងណាសម្រាប់របាយការណ៍លម្អិតទាំងប្រាក់ចំណូល និងប្រាក់ចំណេញក្នុងត្រីមាសទី៤ នៅមិនទាន់បង្ហាញនៅឡើយនោះទេ ដោយក្រុមហ៊ុន Foxconn គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕