(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឬ Techo Volleyball Cambodia League ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាពខ្លាំងចំនួន ៨ក្រុមចូលរួមប្រកួត ស្របពេលថ្នាក់ដឹកនាំសហព័ន្ធ រំពឹងនឹងកាន់តែកក្រើកអស្ចារ្យជាងមុន បន្ទាប់ពីការធ្វើការកែប្រែ ២ចំណុចធំៗ ដើម្បីជំរុញឲ្យមានការប្រកួតកាន់តែជក់ចិត្តថែមទៀត ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតបាល់ទះជើងឯក «តេជោលីគ» នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ ស្របពេលព្រឹត្តិការណ៍បាល់ទះដ៏ធំជាងគេនៅកម្ពុជានេះ នឹងចាប់ផ្ដើមការប្រកួតផ្លូវការ ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។

មន្ដ្រីសហព័ន្ធខាងលើ បន្ដថា ការកែប្រែទី១ គឺការអនុញ្ញាតសមាគម/ក្លិបនីមួយៗ ចុះឈ្មោះកីឡាករបរទេសចំនួន ៧នាក់ និងអាចលេងលើទីលាន ៣នាក់ ។ កាលណាមានកីឡាករបរទេសពាក់កណ្ដាល និងកម្ពុជាពាក់កណ្ដាល មានន័យថា ៣នាក់ស្មើគ្នាទីលាន នឹងជំរុញឲ្យក្រុមនីមួយៗ បង្កើនការប្រកួតប្រជែង ហើយកីឡាករទៀតសោត ក៏ខំប្រឹងហ្វឹកហាត់ ដើម្បីមានឱកាសលេង និងបង្ហាញសមត្ថភាពជូនមហាជន ។

មួយវិញទៀត គឺការកែប្រែរូបមន្ដប្រកួត ដោយ តេជោលីគ ឆ្នាំនេះ សហព័ន្ធសម្រេចប្រើប្រព័ន្ធប្រកួតសន្សំពិន្ទុ ២ជុំ ក្នុងនោះជុំទី១ ក្រោយការប្រកួតសន្សំពិន្ទុ ក្រុមឈរ៧ និងលេខ៨ នឹងត្រូវកាត់ចោល ខណៈក្រុមលេខ១ ដល់លេខ៦ នឹងឡើងទៅប្រកួតជុំទី២ ហើយត្រូវប្រកួតសន្សំពិន្ទុឡើងវិញ ដើម្បីស្វែងរកក្រុមខ្លាំង ដែលឈរលេខ១ ដល់លេខ៤ ឡើងប្រកួតវគ្គខ្វែង (លេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣) បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា នេះគឺជាយុទ្ធសាស្ដ្រថ្មីមួយទៀត ដែលសហព័ន្ធចង់ជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដ្បិតនៅពេលក្លិបខ្លាំង នោះក្រុមជម្រើសជាតិនឹងខ្លាំងដោយស្វ័យប្រវត្តិ ស្របតាមផែនការរបស់សហព័ន្ធ ដែលកំពុងបង្កើនការប្រកួត ក្នុងន័យបង្កើនគុណផលអត្តពលិកកម្ពុជា ដើម្បីចម្រាញ់បាននូវធនធានកីឡាករមានគុណភាពខ្ពស់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ធំៗ ២ ក្នុងឆ្នាំនេះ គឺការប្រកួត SEA V.League 2025 និងស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។

គួរដឹងថា បេក្ខភាពចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំ២០២៥ នេះ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, កងពលធំអន្តរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ ។ សម្រាប់ក្រុមដណ្ដើមបានជើងឯកឆ្នាំនេះ ក្រៅពីទទួលបានពាន ១ និងមេដាយមាស ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦០លានរៀលផងដែរ ៕