(បរទេស)៖ កីឡាករវ័យក្មេងអន្តរជាតិតួកគី Arda Guler រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៥-០ របស់ Real Madrid ទៅលើម្ចាស់ផ្ទះ Deportiva Minera មកពីលីគទី៤ អេស្ប៉ាញចេញពីកម្មវិធី Copa del Rey 2024-25 យប់មិញ។

Real Madrid ដែលឈ្នះជើងឯកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ចុងក្រោយនារដូវកាល ២០២២-២៣ បានបន្តឆ្លងចូលវគ្គ ១៦ក្រុមជាបន្តទៀត ដែលជាវគ្គពួកគេបានហាលអាវក្រោមថ្ចីជើងរបស់ Atletico Madrid នារដូវកាលមុន ក្នុងនាមអតីតជើងឯក ២០សម័យកាលមកនេះ។

នេះជាការប្រកួតដំបូងនៅ Copa del Rey ក្នុងកម្មវិធីនេះរបស់ក្រុមលោក Carlo Ancelotti ដ្បិតពួកគេបានខកខានប្រកួត ២ជុំដំបូងផងដែរ ដោយសារជាប់ដៃលេងពាន Spanish Super Cup ក្នុងប្រកួតដែលខ្សែបម្រើសំខាន់ Jude Bellingham ត្រូវបានទុកឱ្យសម្រាក ក្រោយពេលរួមចំណែកជួយ Real Madrid ឈ្នះ Valencia ២-១ កាលសប្តាហ៍មុន ដើម្បីជួយក្រុមការពារតំណែងជើងឯកមួយនេះ ឡើងទៅឈរទីកំពូលតារាង La Liga វិញ។

២គ្រាប់របស់ Guler ដែលត្រូវបានដាក់ចូលលេងកន្លែង Bellingham គឺជាគ្រាប់ទី៣ និងគ្រាប់ទី៥ ក្នុងការប្រកួតនៅកីឡដ្ឋាន Cartagonova ដែលមានអ្នកទស្សនាផ្ទាល់តែចំនួន ១៤,០០០នាក់ប៉ុណ្ណោះ៕