(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms ដែលជាមេធំរបស់ Facebook ថ្មីៗនេះបានពង្រីកក្រុមប្រឹក្សាភិបាលរបស់ខ្លួនដោយជ្រើសរើសសមាជិកថ្មីចំនួន ៣នាក់បន្ថែមទៀត រួមទាំងវត្តមានលោក Dana White នាយកប្រតិបត្តិនៃ Ultimate Fighting Championship (UFC) ជាស្ថាប័នប្រដាល់ចម្រុះដ៏លេចធ្លោរបស់អាមេរិក​ (MMA) ព្រមទាំងជាមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា សមាជិកថ្មីចំនួន ២នាក់ផ្សេងទៀតរួមមាន លោក Charlie Songhurts ដែលជាវិនិយោគិន និងជាអតីតនាយកជាន់ខ្ពស់របស់ Microsoft, និង លោក​ John Elkann ដែលជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Exor ដែលកាន់កាប់ដោយគ្រួសារ Agelli របស់អ៊ីតាលី នឹងត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដ៏លេចធ្លោរបំផុតមួយនៅក្នុងវិស័យរថយន្តអឺរ៉ុបដូចជា Ferrari, Stellentis និង Christian Louboutin ព្រមទាំងគ្រប់គ្រងលើវិស័យជាច្រើនទៀត។ ស្របពេលនឹងការចាត់តាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg បានសម្តែងការពេញចិត្តថា «Dana, John និង Charlie នឹងមកបំពេញបន្ថែមនូវជំនាញ និងទស្សនៈវិស័យ ដែលនឹងជួយយើងដោះស្រាយនូវឱកាសមាសដ៏ធំនាពេលខាងមុខជាមួយនឹង AI, wearable រួមទាំងអនាគតតភ្ជាប់ទំនាក់ទំងរបស់មនុស្សផងដែរ»

គួរជម្រាបថា ការពង្រីកក្រុមប្រឹក្សាភិបាលថ្មីនេះ នឹងនាំឱ្យក្រុមហ៊ុន Meta មានក្រុមប្រឹក្សាភិបាលសរុបទាំងអស់ចំនួន ១៣នាក់ ដោយពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ខ្លួន។ បន្ថែមពីនេះ ការចាត់តាំងលោក Dana White ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី ក៏ត្រូវបានគេនិយាយផងដែរថា នឹងជះផលវិជ្ជមានដល់ក្រុមហ៊ុនយក្សមួយនេះ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់លោក ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump៕