(បរទេស)៖ ក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា គ្រោងជួបអ្នកតំណាងមកពីក្រុមហ៊ុន Apple នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការវិនិយោគដែលបានស្នើឡើងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ១ពាន់លានដុល្លារនៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
ផែនការវិនិយោគថ្មីនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមរបស់ Apple ក្នុងការអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុក និងបើកដំណើការលក់ iPhone 16 ចុងក្រោយបំផុតរបស់ខ្លួន ដែលពីមុនត្រូវបានហាមឃាត់ដោយសារតែការមិនអនុលោមតាមតម្រូវការមាតិកាក្នុងស្រុក ៤០% របស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ស្មាតហ្វូន។ ទន្ទឹមនឹងនេះ Apple នឹងបង្កើនវត្តមានរបស់ខ្លួនឡើងវិញនៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាជនប្រមាណ ២៨០លាននាក់ តាមរយៈការបង្កើតរោងចក្រនៅទីនោះ ខណៈបច្ចុប្បន្ន Apple នៅមិនទាន់មានកន្លែងផលិតក្នុងប្រទេសនេះនៅឡើយនោះទេ។
អ្នកនាំពាក្យក្រសួងឧស្សាហកម្មលោក Febri Hendri បាននិយាយថា «ថ្ងៃនេះ តំណាងរបស់ Apple នឹងមកក្រសួងឧស្សាហកម្ម ដើម្បីចរចាអំពីការប្តេជ្ញាចិត្តនៃការវិនិយោគ និងសំណើរបស់ខ្លួន»។ ជុំវិញរបាយការណ៍នេះ ក្រុមហ៊ុន Apple នៅមិនទាន់មានការឆ្លើយតបណាមួយទៅនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ។
គួរជម្រាបថា ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យ Apple ធ្វើការសន្យាវិនិយោគថ្មីរៀងរាល់បីឆ្នាំម្តង ដោយសន្យាចុងក្រោយគឺ ១០លានដុល្លារ ដែលបានបញ្ចប់នៅឆ្នាំ២០២៣។ ដើម្បីអនុលោមតាមបទប្បញ្ញត្តិមាតិកាក្នុងស្រុក ឥឡូវនេះ Apple មានកាតព្វកិច្ចបង្កើតការប្តេជ្ញាចិត្តថ្មីសម្រាប់រយៈពេលចាប់ពីឆ្នាំ២០២៤ រហូតដល់ ២០២៦ឯណោះ៕