(ឡុងដ៍)៖ Tottenham Hotspur បានផ្តល់ជម្រើសក្នុងការបន្តកិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Son Heung-min ១ឆ្នាំបន្ថែមទៀត ពោលគឺនឹងផុតកំណត់នៅឆ្នាំ២០២៦ ខាងមុខ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារនេះថា ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង វ័យ ៣២ឆ្នាំខាងលើនេះ រកបាន ១៦៩គ្រាប់ ពីការចូលសរុបមានដល់ទៅ ៤៣១ប្រកួតសម្រាប់មាន់ខ្នាយមាស Spurs ក្រោយផ្ទេរចេញពីក្លិប Bayer Leverkusen របស់អាល្លឹម៉ង់ក្នុងឆ្នាំ២០១៥ មុនពេលផ្តល់សេចក្តីទុកចិត្តធ្វើប្រធានក្រុមនាអំឡុងខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ននេះ។
រូបគេជាផ្នែកមួយដ៏សំខាន់របស់ Spurs ដែលបានរួមចំណែកជួយក្លិបនៅភាគខាងជើងទីក្រុង London ឈានដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League ជាលើកដំបូងកាលឆ្នាំ២០១៩ ទោះចាញ់ Liverpool ក៏ដោយ ជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅ Premier League នារដូវកាលមុនដែរ។
Spurs បានធ្វើសេចក្តីប្រកាសនេះ ក្នុងសន្និសីទសារព័ត៌មានប្រកួតជើងទី១ នៃពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលប៉ះម្ចាស់ផ្ទះ Liverpool នៅរាត្រីថ្ងៃពុធស្អែកនេះ៕