(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលក្រុមខ្លាំង MSM Makasar FC របស់ឥណ្ឌូនេស៊ី នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្នុងជំនួបពូល A នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship Shopee Cup 2024/25។ នេះគឺជាការប្រកួតក្នុងដីលើកដំបូងរបស់ក្រុមជើងឯកលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតក្រៅដីដំបូងឈ្នះ ១ និងចាញ់ ១។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ ទោះបីកូនក្រុមខ្លួនរងរបួស ៦-៧នាក់ រួមទាំងខ្សែប្រយុទ្ធដ៏សំខាន់ Pablo យ៉ាងណាក្ដី ក៏លោកជឿជាក់លើកូនក្រុម ពិសេសធនធានកីឡាករកម្ពុជា ដែលមិនសូវមានឱកាសលេងពានអន្ដរជាតិ នឹងអាចធ្វើបានល្អក្នុងការប្រកួតនេះ ដើម្បីប្រជែង ៣៣ពិន្ទុក្នុងដៃ ក៏ដូចជារក្សាឱកាសប្រជែងកៅអីជុំបន្ទាប់ផងដែរ។

លោកបន្ដថា «សម្រាប់ការរៀបចំក្រុមរបស់យើង គឺបានល្អខ្លាំង យើងបានដឹងអំពីបរិយាកាស និងលក្ខណៈនៃការលេងប្រកួតអរន្តជាតិគឺវានឹងខុសប្លែកគ្នា...។ យើងដឹងហើយថា យើងមានកីឡាករ ៦ ទៅ ៧នាក់ ដែលមានបញ្ហារបួស តែមិនជាបញ្ហាចោទនោះទេ ខ្ញុំនឹងប្រើប្រាស់ទៅតាមអ្វីដែលយើងមាន។ យើងនឹងប្រើប្រាស់ជម្រើសដំបូងដ៏ល្អបំផុត ហើយកីឡាករបម្រុងមួយចំនួនក៏នឹងអាចជួយក្រុមបានដូចគ្នា។ ដូច្នេះវាមិនមែនជាបញ្ហានោះទេ ព្រោះយើងមានក្រុមល្អ និងធំមួយ»

ដោយឡែកលោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makasar ទោះបីកំពុងគ្រងកំពូលតារាងក្ដី តែលោកបានមើលឃើញស្ថានភាពព្រះខ័នរាជស្វាយរៀង ល្អប្រសើរជាងក្រុមខ្លាំង ពិសេសការប្រកួតក្នុងពាន ASEAN Club Championship Shopee Cup ២ប្រកួតកន្លង ដែលមិនត្រឹមឈ្នះក្រុម Terengganu ក្រៅដី ថែមទាំងធ្វើបានល្អទល់នឹងក្រុម BG Pathun United របស់ថៃ ថែមទៀត ទោះបីចាញ់ តែរយៈពេល ២០នាទីចុងក្រោយ ក្រុមតំណាងកម្ពុជានេះ ពិតជាធ្វើបានល្អ រហូតធ្វើឲ្យក្រុម BG ស្ទើរគ្មានឱកាសលេង។

តាមរយៈនេះ លោកសង្ឃឹមថា ជំនួបទល់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត ទោះបីក្រុមម្ចាស់ផ្ទះ មានកីឡាកររបួសមួយចំនួន តែលោកសង្កេតឃើញក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ នៅតែមានធនធានកីឡាករល្អៗជាច្រើន ដែលអាចលេងជំនួសគ្នាបាន។ អ្វីដែលលោកចាប់អារម្មណ៍បំផុត គឺកីឡាករ ញាណ សុស៊ីដាន ទោះបីមិនសូវបានលេង តែរូបគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុម ។ នេះសបញ្ជាក់ឲ្យឃើញថា កីឡាករទាំងអស់របស់ព្រះខ័នរាជ សុទ្ធតែមានកម្រិតខ្ពស់។

គួរដឹងថា នេះគឺជាការប្រកួតទី៣ ក្នុងពូលA នៃព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ របស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបើកឆាក ២ប្រកួតក្រៅដី ឈ្នះក្រុមម្ចាស់ផ្ទះ Terengganu FC ៣-២ និងចាញ់ក្រុមម្ចាស់ផ្ទះ BG Pathun United ១-២។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ឈរលេខ៤ និងមាន ៣ពិន្ទុ តាមពីក្រោយក្រុម PSM Makasar, BG Pathum United និងក្រុម Dong A Thanh Hoa របស់វៀតណាម ដែលរកបាន ៤ពិន្ទុស្មើគ្នា។ បន្ទាប់ពីជួប PSM ក្រុមកំពុងឈរលេខ២ នៃលីគរដូវកាលថ្មីនេះ នឹងត្រូវជួបក្រុម Dong A Thanh Hoa នាថ្ងៃទី២២ ខែមករា មុនជួបក្រុម Shan United របស់មីយ៉ាន់ម៉ា បញ្ចប់ពូល នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕