(បរទេស)៖ គិតត្រឹមដើមមករា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុន Google បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបញ្ញាសិប្បនិម្មិត (AI) ជាមួយនឹងគម្រោងវិនិយោគជាង ១០០ពាន់លានដុល្លារនៅក្នុងបច្ចេកវិទ្យា AI ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក Demis Hassabis នាយកប្រតិបត្តិនៃ Google DeepMind ក្នុងអំឡុងពេលសន្និសីទ TED ក្នុងខែមេសា ឆ្នាំ ២០២៤។ ការវិនិយោគនេះគូសបញ្ជាក់ពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ជាពិសេសនៅក្នុងគម្រោងរបស់ Microsoft និង OpenAI ក្នុងការបង្កើតកុំព្យូទ័រអស្ចារ្យ (Supercomputer) ជាមួយនឹងទំហំប្រាក់វិនិយោគ រហូតដល់ ១០០ពាន់លានដុល្លារ ដែលមានឈ្មោះថា «Stargate»

បន្ថែមពីលើយុទ្ធសាស្រ្តវិនិយោគរយៈពេលវែងនេះ ក្រុមហ៊ុន Google ថ្មីៗនេះបានប្រកាសអំពីការវិនិយោគចំនួន ១ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីមួយនៅក្នុងប្រទេសថៃ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម Cloud របស់ Google និងគាំទ្រតម្រូវការដែលកំពុងកើនឡើងសម្រាប់ការច្នៃប្រឌិត AI ។

ពេញមួយឆ្នាំ ២០២៤ សេវាកម្ម Google Cloud សម្រេចបាននូវចំណុចសំខាន់ៗជាច្រើន ជាពិសេសគឺ Chatbot របស់ខ្លួនដែលមានឈ្មោះថា Gemini AI ។ ការវិនិយោគរបស់ Google ទៅលើសេវាកម្ម Cloud និង AI គឺមិនមែនសម្រាប់តែប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បី​ពង្រីក​ទៅកាន់ពិភពលោកតាមរយៈដៃគូសហការច្រើន រួមមានក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល។

សរុបមក យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ Google បង្ហាញពីឆន្ទៈក្នុងការបែងលុយវិនិយោគ ១០០ពាន់លានដុល្លារ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕