(ស្វាយរៀង)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចុះជួយស្រុកស្វាយជ្រំ បានសហការជាមួយរដ្ឋបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុក ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា។

លោក ហែម សារិទ្ធ បានថ្លែងថា ការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកនេះ គឺជាលើកទី១២ មានក្រុមចូលរួមប្រកួតចំនួន៨ក្រុម ដែលមកពីបណ្តាឃុំនានាក្នុងស្រុក ចែកជា២ពូល ក្នុង១ពូលមាន៤ក្រុម។ការប្រកួតបានប្រព្រឹត្តទៅរយៈ២ថ្ងៃគឺចាប់ពីថ្ងៃទី៦-៧ខែមករា ឆ្នាំ២០២៥មានបងប្អូនប្រជាពលរដ្ឋយុវជន សិស្សានុសិស្ស ចូលរួមប្រមាណជិត៦០០០នាក់។

លោកអភិបាលស្រុកស្វាយជ្រំបានបន្តថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏យើងទាំងអស់គ្នាមិនបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ។យើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មហាជនដណ្ដើមពានរង្វាន់រដ្ឋបាលស្រុក គឺដើម្បីអបអររំលឹក ចង់ចាំនៅថ្ងៃកំណើតទី២ គម្រប់៤៦ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា។

លោកហែម សារិទ្ធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនិង យុវជនទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង គោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ខ្ជួន និងកុំប្រព្រឹត្តអំពើហិង្សាដែលនាំឲ្យមានទោសទណ្ឌដល់ខ្លួនឯង។

សូមបញ្ជាក់ថា ក្រុមដែលទទួលបានចំណាត់ថ្នាក់មានដូចជា ក្រុមយុវជនស្វាយយាក្រុម(១) ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានពាន១ មេដៃមាស១គ្រឿង និងថវិកាមួយចំនួន១លានរៀល, លេខ២បានទៅលើក្រុមបាល់ទាត់យុវជនស្វាយជ្រំ ទទួលបានមេដាយប្រាក់១គ្រឿង និងថវិកាមួយចំនួន៨០ម៉ឺនរៀល, លេខ៣បានទៅក្រុមបាល់ទាត់យុវជនឫស្សីទទឹង ទទួលបានមេដៃសម្រឹត១គ្រឿង និថវិកាមួយចំនួន៥០មុឺនរៀល។ដោយឡែកចំពោះក្រុមដែលមិនទទួលចំណាត់ថ្នាក់ចំនួន១ក្រុម ទទួលបានថវិកាលើកទឹកចិត្តផងដែរ៕