(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនដាវកម្ពុជា បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកីឡាគុនដាវកម្រិត១ ដោយជោគជ័យ ដើម្បីជំរុញការផ្សព្វផ្សាយ និងពង្រីកធនធានគ្រូតាមបណ្ដាខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរីកចម្រើននាថ្ងៃអនាគត។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា វគ្គនេះមានរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី០២-០៨ ខែមករា ឆ្នាំ២០២៥ ដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិជនជាតិជប៉ុន លោក Takashi Kuwahata និងមានសិក្ខាកាមតំណាងក្លិបចំនួន ៨ចូលរួម ដែលជាគ្រូបង្វឹកថ្មី មិនទាន់ចេះសោះពាក់ព័ន្ធនឹងកីឡាគុនដាវ។
ក្រោយបញ្ចប់ការសិក្សាសហព័ន្ធនឹងធ្វើការវាយតម្លៃ ហើយសម្រាប់សិក្ខាកាមធ្វើបានល្អ នឹងទទួលបានការអញ្ជើញមករៀននៅវគ្គបន្ដបន្ទាប់ទៀត។ ដូច្នេះការរៀនវគ្គដំបូងនេះ ផ្ដោតលើមូលដ្ឋានគ្រឹះនៃកីឡាគុនដាវ ដែលសហព័ន្ធបានជំរុញឲ្យសិក្ខាកាម ក្រោយទទួលបានចំណេះដឹង ត្រូវចូលរួមផ្សព្វផ្សាយ និងចាប់ផ្ដើមការហ្វឹកហាត់ដល់សិស្សានុសិស្សតាមបណ្ដាខេត្ត និងសាលារៀននានា។
លោក អ៊ុក សារ៉ែន អនុប្រធានសហព័ន្ធ បានថ្លែងក្នុងពិធីបិទវគ្គដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះថា «វគ្គបណ្ដុះបណ្ដាល ដែលមានគ្រូឧទ្ទេសជនជាតិជប៉ុន មកបង្រៀនដល់សិក្ខាកាមកីឡាគុនដាវកម្ពុជានេះ គឺគោលបំណងយើងចង់ពង្រីកសមត្ថភាព និងបង្កើនចំនួនគ្រូបង្វឹកនៅកម្ពុជា ដើម្បីយើងមានឱកាសពង្រីកទៅតាមគ្រប់បណ្ដាខេត្ត ដើម្បីឲ្យកីឡាគុនដាវកម្ពុជាមានការអភិវឌ្ឍឈានទៅមុខ»។
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធលោកបានបង្ហាញសុទិដ្ឋិនិយម បន្ទាប់ពីការផលិតបានធនធានគ្រូបង្វឹកថ្មីៗបន្ថែម នឹងអាចចូលរួមបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីបន្ដវេនបានកាន់តែច្រើន ក៏ដូចជាជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ដើម្បីឈានទៅរកការប្រកួតប្រជែងលើឆាកជាតិ និងអន្ដរជាតិកាន់តែច្រើនថែមទៀត៕