(បរទេស)៖ លោក Barry Jones អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក super-featherweight បានលើកឡើងថា កីឡាករ Tyson Fury នឹងមានការពេញចិត្តខ្លាំង ប្រសិនបើបានប្រកួតទល់នឹង Anthony Joshua នៅឆ្នាំនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអង់គ្លេសទាំងពីររូបនេះ បានធ្វើការទាក់ទង ដើម្បីប្រឈមមុខដាក់គ្នាជាយូរមកហើយ ដែលទើបចាញ់ប្រកួតចុងក្រោយថ្មីៗនេះដូចគ្នា។

Fury វ័យ ៣៦ឆ្នាំ បាននិយាថា រូបលោកពុំទាន់មានគម្រោងចូលនិវត្តន៍ពីប្រដាល់សកលនៅឡើយទេ បន្ទាប់ពីរងបរាជ័យក្រោមកណ្តាប់ដៃរបស់ Oleksandr Usyk ដោយពិន្ទុកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។

Jones បានថ្លែងថា «Fury នឹងមានការពេញចិត្តខ្លាំង នៅពេលបានប្រកួតជាមួយ Joshua ដែលគាត់ប៉ងជាយូរមកហើយ។ គាត់ចង់ប្រកួតជាមួយ Joshua ព្រោះគាត់បានផ្តួលអស់ហើយ ក្នុងចំណោមកីឡាកររួមជំនាន់ជាមួយ Fury លើកលែងតែ Joshua ម្នាក់ទៀតប៉ុណ្ណោះ ដើម្បីបញ្ជាក់ថា គាត់ខ្លាំងដល់កម្រិតណា?»។

ជាមួយគ្នានោះ Jones ក៏មានការជឿជាក់ថា ការពើបប្រទះគ្នារវាងជើងខ្លាំងទាំងពីរនេះ នឹងធ្វើឡើងនៅសង្វៀនស្ថិតនៅអង់គ្លេសតែម្តង ក៏ប៉ុន្តែអ្នកជំនាញខាងប្រដាល់ លោក Bruce មិនយល់ស្របដូចនេះទេ និងបានលើកឡើងថា នឹងមានវាយប្រហារបន្តទៀត ប្រសិនបើមាននរណាម្នាក់ចាញ់ ក្នុងចំណោមពួកគេ៕