(ភ្នំពេញ)៖ ដោយទទួលគោលការណ៍ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមករានេះ ក្រសួងបានកោះប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីពិនិត្យយន្ដការសំខាន់ៗចំនួន ២ ទី១-ពិនិត្យយន្ដការរៀបចំនីតិវិធីគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍គុនខ្មែរ និងទី២-ពិនិត្យយន្ដការនៃការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥) ដើម្បីធានាបាននូវសមាជិកភាព ដែលទទួលស្គាល់ដោយក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

កិច្ចប្រជុំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC និងមានការចូលរួមលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបច្ចុប្បន្ន និងអគ្គលេខាធិការសហព័ន្ធលោក ហេង សុខឃន ផងដែរ។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះ ធ្វើឡើងតាមការណែនាំដ៏របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីធ្វើរបាយការណ៍ជូនលោកឧបនាយករដ្ឋមន្ដ្រី និងជូនរាជរដ្ឋាភិបាល ក៏ដូចជាធ្វើរបាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីដំណើរការយន្ដការនៃការរៀបចំនីតិវិធីគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍គុនខ្មែរ ដែលទទួលបានថវិកាមួយចំនួនពីការរៀបចំបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ «យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ» រៀបចំឡើងក្រោមផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ កាលពីចុងខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងជួយគាំទ្រដល់វិស័យគុនខ្មែរ។

មួយវិញទៀត គឺការពិភាក្សាអំពីយន្ដការនៃការរៀបចំហាសន្និបាតបញ្ចប់អាណត្តិទី៧ របស់សហព័ន្ធ ក្រោយសំណើរសុំជួបសម្ដែងការគួរសម និងសុំអនុសាសន៍ណែនាំពីរដ្ឋមន្ដ្រីក្រសួងអប់រំ ដោយថ្នាក់ដឹកនាំសហព័ន្ធ ហើយត្រូវបានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុញ្ញាតឲ្យរដ្ឋលេខាធិការទទួលបន្ទុក និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ធ្វើការងារនេះ និងពិនិត្យមើលយន្ដការរបស់សហព័ន្ធ ក្នុងនាមសហព័ន្ធកីឡាអត្តសញ្ញាណជាតិមួយ ដែលត្រូវគោរពនូវលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធឲ្យបានត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ជាដើម។

ពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតនេះដែរ ក្រសួងបានពន្លឿនសហព័ន្ធក្នុងការរៀបចំ ដ្បិតសមាជិកភាព នៃសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៧ ដែលក្រសួងបានប្រកាសទទួលស្គាល់ នឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធានានូវសមាជិកភាពរបស់ខ្លួន ព្រោះកាលណាផុតសុភាព សហព័ន្ធត្រូវរងឥទ្ធិពលលើដំណើរការឧបត្ថម្ភគាំទ្រពីក្រសួង និង NOCC ជាដើម។ នេះគឺជាយន្ដការរួម ដែលគ្រប់សហព័ន្ធកីឡាជាតិត្រូវអនុវត្ត ដើម្បីតម្លាភាព ក្នុងការដឹកនាំគ្រប់គ្រង ប្រកបដោយអភិបាលកិច្ចល្អ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកបន្ដថា «ការងារនេះ សហព័ន្ធកីឡាជាតិនីមួយៗ មិនមែនតែសហព័ន្ធគុនខ្មែរមួយទេ ត្រូវតែស្ដាប់ការណែនាំរបស់ក្រសួងអប់រំ ដែលមានតួនាទី មានបុព្វសិទ្ធពីរាជរដ្ឋាភិបាល ឲ្យដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យកីឡាទាំងមូល។ នេះគឺជាកត្ដាកំណត់។ រីឯការស្ដាប់ ឬមិនស្ដាប់ គឺសហព័ន្ធជាតិ អាចពិចារណាខ្លួនឯង ថាតើខ្លួនធ្វើទៅមានតម្លាភាព មានការដឹកនាំអភិបាលកិច្ចល្អបែបណា ប៉ុន្ដែបើធ្វើទៅមិនមានការដឹកនាំល្អទេ គឺត្រូវតែមានដាក់ទោសទណ្ឌ មានការដកសិទ្ធ ឬវិធានការផ្សេងៗ។ នេះគឺជាច្បាប់ទម្លាប់ និងបទបញ្ញាត្តិ ដែលបានចែងហើយ។ អ៊ីចឹងសហព័ន្ធត្រូវអនុវត្តទាំងអស់គ្នា ដើម្បីតម្លាភាព និងសមភាពក្នុងការដឹកនាំរបស់យើង»

លើសពីនេះ លោក វ៉ាត់ ចំរើន បានណែនាំដល់សហព័ន្ធ ត្រូវមានឯកភាពផ្ទៃក្នុង ក្នុងយន្ដការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បីសម្រេចបាននូវសិទ្ធអំណាចចុងក្រោយ ក្នុងការដឹកនាំគ្រប់គ្រងសហព័ន្ធទៀតផង។ ការណែនាំនេះ បន្ទាប់ពីលោកពិនិត្យលើរបាយការណ៍យន្ដការ និងនីតិវិធីនៃការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ឃើញថា ពិតជាមានមតិមិនស្របគ្នា ដែលមានតម្លៃក្នុងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មិនទាន់ឯកភាពគ្នានៅឡើយ។ ដូច្នេះតាមលក្ខន្ដិកៈ ទាល់តែមានការឯកភាពគ្នាទាំងស្រុក នៅក្នុងគណៈកម្មាធិការប្រតិបត្តិ ទើបអាចដំណើរការបោះឆ្នោតទៅដោយរលូនបាន។

លោកសង្កត់ធ្ងន់ថា «យើងបានឲ្យសហព័ន្ធធ្វើការឡើងវិញ ត្រូវមានការស្រុះស្រួលគ្នា មានការឯកភាពគ្នាផ្ទៃក្នុង បើមិនមានការឯកភាពគ្នាផ្ទៃក្នុងទេ គឺត្រូវតែរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព និងបោះឆ្នោតដោយសម្ងាត់ ជាឯកត្ដបុគ្គល ដើម្បីជ្រើសរើសថ្នាក់ដឹកនាំមួយ ដែលទទួលបាននូវសេចក្ដីទុកចិត្តពីសមាគម/ក្លិបទាំងអស់ តាមយន្ដការយុត្តិធម៌នៃការបោះឆ្នោត។ នេះគឺជាចំណុចសំខាន់ ដែលក្រសួងអប់រំ បានបញ្ជាក់ជូនសហព័ន្ធ ធ្វើការឲ្យមានតម្លាភាព នៅក្នុងការដឹកនាំគ្រប់គ្រង និងមានការឯកភាពគ្នាផ្ទៃក្នុងឲ្យបានល្អ ពីព្រោះយើងនិយាយហើយនិយាយទៀតថា សហព័ន្ធមានសិទ្ធធ្វើអ្វីក៏បានដែរ តែបើសហព័ន្ធធ្វើខុសអត់បានទេ គឺត្រូវតែធ្វើទៅតាមការណ៍ណែនាំ និងបទដ្ឋានគតិយុត្តិរបស់ក្រសួង និងអូឡាំពិក»