(បរទេស)៖ ទីបំផុត! ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung ត្រូវបានគេរាយការណ៍ថា គ្រោងនឹងនាំយកស្មាតហ្វូនអេក្រង់បត់ ៣តង់មកកាន់ទីផ្សារពិភពលោកហើយនៅក្នុងឆ្នាំនេះ បន្ទាប់ពីអ្នកប្រើប្រាស់ទន្ទឹងរង់ចាំជាយូរថា ក្រុមហ៊ុនណាជាអ្នកបន្ទាប់នឹងធ្វើការលើស្មាតហ្វូននេះ។ ខណៈវាត្រូវបានចេញដំបូងគេដោយក្រុមហ៊ុនចិន Huawei នឹងបានធ្វើឱ្យកក្រើកទីផ្សារជាមួយម៉ូដែល Mate XT ជាស្មាតហ្វូនអេក្រង់បត់ ៣តង់ដំបូងគេបង្អស់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
យោងតាមរបាយកាណ៍ចុះផ្សាយបានឱ្យដឹងថា Samsung គ្រោងនឹងប្រកាសបង្ហាញក្នុងត្រីមាសទី២ ឆ្នាំ២០២៥នេះ ដោយប្រើប្រាស់កំណែខ្លួនឯងផ្ទាល់ ប៉ុន្តែចំនួនចេញលក់នឹងមានកំណត់ អាចនឹងមានតិចជាង ៣០ម៉ឺនគ្រឿងប៉ុណ្ណោះ។ ទាំងនេះគឺដោយសារតែការផលិតដ៏ស្មុគស្មាញសម្រាប់ឧបករណ៍នេះ តែយ៉ាងណាគេនៅតែរំពឹងថា Samsung នឹងអាចស្វែងរកវិធីដើម្បីដើម្បីបង្កើនសមត្ថភាពផលិតរបស់វា ប្រសិនបើឧបករណ៍នេះទទួលបានជោគជ័យខ្លាំង។
ប៉ុន្តែបើងាកទៅតម្លៃវិញអាចមានកម្រិតសម្រាប់អ្នកប្រើប្រាស់ ដោយយោងតាមពាក្យចចាមអារ៉ាមបានឱ្យដឹងថា វានឹងចេញមកជាមួយនឹងតម្លៃខ្ពស់បំផុតដែល Samsung foldable មិនធ្លាប់មាន។ ស្មាតហ្វូនអេក្រង់បត់ ៣តង់នេះនឹងប្រើប្រាស់អេក្រង់ដែលផ្គត់ផ្គង់ដោយ Samsung Display ហើយចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺស្មាមផ្នត់វានឹងចេញមកមិនដូចទៅនឹងរបៀបបត់នៅលើ Huawei Mate XT នោះទេ។
គួរជម្រាបថា របាយការណ៍ពីកូរ៉េខាងត្បូងបង្ហាញថា ដោយសារតែយន្តការបត់ថ្មីរបស់ Samsung វានឹងមានអេក្រង់ធំជាងជំនាន់មុន ជាមួយនឹងអេក្រង់ធំ ១០.៥អ៊ីញនៅពេលលាតទៅខាងឆ្វេង និង ១២.៤អ៊ីញ នៅពេលលាតទៅខាងស្តាំ។ យ៉ាងណា ជុំវិញប័ត៌មានលម្អិតផ្សេងទៀត Samsung ផ្ទាល់នៅមិនទាន់បង្ហើបនៅឡើយនោះទេ៕