(ហ្សាកាតា)៖ ឥណ្ឌូនេស៊ី បានឈានដល់កិច្ចព្រមព្រៀង ក្នុងការតែងតាំងអតីតខ្សែប្រយុទ្ធហូឡង់ និង FC Barcelona គឺលោក Patrick Kluivert ជាគ្រូបង្វឹកថ្មីរបស់ពួកគេផ្លូវការ ក្រោមកិច្ចសន្យាដឹកនាំរយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្តទៀតដែរ។

នេះមានន័យថា បុរសវ័យ ៤៨ឆ្នាំខាងលើនេះ នឹងចូលជំនួសតំណែងគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Shin Tae-yong ដែលត្រូវដឹកនាំក្រុមប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកកៅអីមួយ ដើម្បីលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២៦ ដោយមានសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិកធ្វើម្ចាស់ផ្ទះរួមគ្នា។

លោក Kluivert ដែលធ្លាប់ឈ្នះពាន UEFA Champions League ជាមួយក្លិប Ajax និងលេងនៅ Premier League ក្នុងក្លិបសារិកាព្រៃ Newcastle United ផងនោះ មានបទពិសោធន៍ដឹកនាំ Adana Demirspor ក្នុងលីគកំពូលតួកគីបាន ៥ខែ និងធ្លាប់ដឹកនាំជម្រើសជាតិការ៉ាកាវ និងធ្វើជាជំនួយការលោក Louis van Gaal និងលោក Clarence Seedorf នៅក្នុងជម្រើសជាតិទឹកក្រូចហូឡង់ និងកាមេរូនថែមទៀតផង។

ឥណ្ឌូនេស៊ី ដែលទើបហាលអាវពីពានអាស៊ាន AFF Cup ត្រឹមវគ្គចែកពូល បានកំពុងឈរនៅលេខ៣ ក្នុងពូលនៃវគ្គជម្រុះ World Cup 2026 ក្រោយឆ្ងងកាត់បាន ៦ប្រកួត ក្នុងចំណោម ១០ប្រកួតសរុប ក្នុងនាមក្រុមឈរនៅលេខរៀងទី១២៧ នៃ FIFA Ranking បច្ចុប្បន្ននេះ៕