(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហាញមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ រហូតសម្រេចសមិទ្ធផលបានយ៉ាងល្អប្រសើរនៅក្នុងឆ្នាំ២០២៤ និងបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្ដបំប៉នសមត្ថភាពឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ សន្និបាតនេះ រៀបចំឡើង ដើម្បីបង្ហាញពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំចាស់ ក៏ដូចជាបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីសម្រួចទិសដៅការងារបន្ដ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៥ នេះ។

ក្រោយស្ដាប់របាយការណ៍លោកអគ្គលេខាធិការ យិត ភីរៈ ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាក្រសួងមហាផ្ទៃ លោក សរ សិទ្ធិ បានបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការដឹកនាំ និងចូលរួមប្រកួត ក៏ដូចជាការពង្រឹងសមត្ថភាពអត្តពលិករបស់ក្រសួងមហាផ្ទៃ រហូតទទួលបានលទ្ធផលល្អប្រសើរ។

លោកបន្ថែមថា ការបន្តពង្រឹងនូវការហ្វឹកហាត់បំប៉នសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដល់កីឡាករ-កីឡាការិនី នៃសមាគមកីឡាចំណុះទាំងអស់ជាកត្តាមិនអាចខ្វះបាន ប៉ុន្តែទន្ទឹមនោះ បញ្ហាកង្វះខាតនូវធនធានសម្ភារ និងទីលានសម្រាប់ធ្វើការហ្វឹកហាត់ក៏ជាបញ្ហាប្រឈមផងដែរ។ យ៉ាងណាមិញ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ ដើម្បីធានាបាននូវការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ដល់អត្តពលិករបស់ខ្លួនត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។

លោក សរ សិទ្ធិ បន្ដថា «ទោះបីជាជួបប្រទះនូវបញ្ហាទាំងនោះក្តី អគ្គលេខាធិការដ្ឋាន ត្រូវខិតខំឆ្នៃប្រឌិត និងសម្របសម្រួលជាមួយសហព័ន្ធកីឡាជាតិ សមាគមកីឡា និងក្លិបកីឡា ដែលជាដៃគូពាក់ព័ន្ធនានាព្យាយាមដោះស្រាយនូវបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពទន់ភ្លន់ និងប៉ិនប្រសប់ ដើម្បីត្រៀមខ្លួនឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅព្រះរាជាណាចក្រថៃ នាចុងឆ្នាំ២០២៥ខាងមុខនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ»

ជាចុងក្រោយលោករដ្ឋលេខាធិការ បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ដែលជានាយនគរបាល និងមន្រ្តីនគរបាលទាំងអស់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានផ្តល់អនុសាសន៍ ៤ចំណុចសំខាន់ៗ រួមមាន៖

១-អគ្គលេខាធិការដ្ឋាន គិតគូរវាយតម្លៃ និងធ្វើផែនការរួមមួយ សម្រាប់ជាទិសដៅដល់ការបង្វឹកកីឡាករ កីឡាការិនី ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
២-សិក្សាលើការបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាក្នុងតំបន់អាស៊ាន ដោយយើងអាចធ្វើត្រឹមតែ៣ ឬ៤ប្រទេសចូលរួមក៏បាន និងអាចរៀបចំធ្វើឱ្យបានមុនការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ។
៣-ខិតខំបន្តកៀរគរមូលនិធិ ថវិកា និងសម្ភារៈពីសប្បុរសជន ក្រុមហ៊ុន អង្គការនានា ដើម្បីបន្តនិរន្តរភាព និងធានាបាននូវការហ្វឹកហាត់ និងការប្រកួតកីឡាចំណុះក្រសួងមហាផ្ទៃ។
៤-ជំរុញមន្រ្តីរបស់ខ្លួនឱ្យលេងកីឡាតាមដែលខ្លួនចូលចិត្ត ព្រោះអាចផ្តល់នូវអត្តពលិកថ្មីៗ ពីមន្រ្តីអង្គភាពចំណុះ មកបញ្ចូលក្នុងសមាសភាពកីឡាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕