(បរទេស)៖ ថ្មីៗនេះចៅក្រមប្រេស៊ីលលោក Alexandre de Moraes​ ដែលត្រូវបានគេដឹងថាកាលពីឆ្នាំមុនបានដឹកនាំការសម្រេចចិត្តរបស់តុលាការកំពូល នឹងបានឈានដល់ផ្អាកជាបណ្តោះអាសន្ននូវវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម​ X, នៅថ្ងៃពុធសប្តាហ៍នេះលោកបានក្រើនរំលឹកថា «ក្រុមហ៊ុន Big Tech ត្រូវតែអនុលោមតាមច្បាប់ ប្រសិនបើចង់បន្តប្រតិបត្តិការនៅក្នុងប្រទេសប្រេស៊ីល»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

យ៉ាងណាមិញ នៅក្នុងសារនោះលោកមិនបានបញ្ចេញឈ្មោះថាជាក្រុមហ៊ុនមួយណាឱ្យប្រាកដនោះទេ ប៉ុន្តែបើតា​មការកត់សម្គាល់ការក្រើនរំលឹករបស់លោក Moraes បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta បានប្រកាសថា​ ខ្លួននឹងបញ្ឈប់កម្មវិធីត្រួតពិនិត្យការពិតនៅសហរដ្ឋអាមេរិក ព្រមទាំងបន្ធូរបន្ថយការរឹតបន្តឹងលើការពិភាក្សាជុំវិញប្រធានបទរសើបផងដែរ។

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយដែលបា្ររព្ធខួបពីរឆ្នាំនៃកុប្បកម្មក្នុងប្រទេសប្រេស៊ីលប្រឆាំងនឹងស្ថាប័នានា រួមទាំងតុលាការកំពូល​ ខណៈពេលនោះលោក​ Moraes មានប្រសាសន៍ថា តុលាការកំពូលនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធ្វើអាជីវកម្មរបស់ពួកគេដោយប្រើពាក្យសម្ដីស្អប់ខ្ពើមដើម្បីរកប្រាក់ចំណេញនោះទេ។ លោកបានសង្កត់ធ្ងន់ថា «នៅក្នុងប្រទេសប្រេស៊ីល, ក្រុមហ៊ុនទាំងអស់នឹងបន្តប្រតិបត្តិការបាន ប្រសិនបើពួកគេគោរពច្បាប់របស់ប្រទេសប្រេស៊ីល ដោយមិនគិតពីការរិះគន់ពីសំណាក់មេធំនៃក្រុមហ៊ុន Big Tech នោះឡើយ»

គួរជម្រាបថា កាលពីឆ្នាំមុន វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម​ X ត្រូវបានផ្អាកនៅក្នុងប្រទេសប្រេស៊ីលអស់រយៈពេលជាងមួយខែ ដោយសារតែការខកខានក្នុងការអនុលោមតាមដីការរបស់តុលាការ រូមទាំងហេតុផលមួយចំនួនផ្សេងទៀតទាក់ទងនឹងការសម្របសម្រួលនៃការនិយាយស្អប់ខ្ពស់​ ឬសារបែបញុះញង់បង្ករឱ្យមានជម្លោះ៕