(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) ដឹកនាំដោយទេសរដ្ឋមន្ដ្រី ថោង ខុន ជាប្រធាន នៅថ្ងៃទី០៩ ខែមករានេះ បានរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដល់គ្រូបង្វឹកកីឡាយុទ្ធគុនបុរាណខ្មែរចំនួន ៧០នាក់ នៅសាលាកីឡាគុណធម៌ ដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខែតុលាខាងមុខ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចខាងលើបានថ្លែងក្នុងពិធីបើកវគ្គថា សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមករា ឆ្នាំ២០២៥ ដែលរៀបចំឡើង ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបុរាណទូទាំងប្រទេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

លោកបន្ដថា «ការរៀបចំសិក្ខាសាលាបច្ចេកទេសលើកទី១ នេះ គឺដើម្បីបំប៉នបច្ចេកទេស ស្មារតី និងក្រមសីលធម៌ របស់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក្នុងការពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែររបស់យើង ដើម្បីអនាគតនៃយុទ្ធគុនព្រលឹងជាតិរបស់យើង។ តាមរយៈការចិត្តទុកដាក់នេះ អ្នកជំនាញរបស់យើងទាំងអស់គ្នា បានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការធ្វើការងារដោយការទទួលខុសត្រូវខ្ពស់ ស្របតាមឆន្ទៈ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចបវរធិបតី និងចេញជាលទ្ធផលជាស្ដែង»

ចំពោះសិក្ខាសាលាលើកដំបូង គឺផ្ដោតចង់ឲ្យគ្រូបង្វឹកទាំងអស់ ចេះពីទ្រឹស្ដីកីឡាករ និងការរៀបចំផែនការហ្វឹកហាត់ត្រឹមត្រូវ ពិសេសការហ្វឹកហាត់បច្ចេកទេស និងរបៀបរៀបចំកម្លាំងកាយរបស់កីឡាករ ត្រូវមានភាពធន់ ច្បាស់លាស់ និងបរិបូរណ៍ សម្រាប់ការប្រកួត ក៏ដូចជាត្រូវចេះពីបច្ចេកទេសមូលដ្ឋានច្បាស់លាស់ និងបច្ចេកទេសផ្សេងៗទៀត ជាមួយគ្រូបង្វឹកល្អៗប្រចាំប្រទេស ដូចជាលោកបណ្ឌិត សេង ប៊ុនសុង, លោក អ៊ួ តារា, លោក ចាន់ រតនា, លោក ហ៊ុន ចាន់រាជ និងលោក កាង ដែន ពិសិដ្ឋ ជាដើម ដែលជាគ្រូបង្វឹកចម្រុះ និងមានជំនាញខុសៗគ្នា ដើម្បីចែករំលែកដល់សិក្ខាកាមចូលរួមសិក្ខាសាលានេះ។

លោក វ៉ាត់ ចំរើន បន្ថែមថា ក្រៅពីបច្ចេកទេស ក្រមសីលធម៌ និងផែនការហ្វឹកហាត់ អង្គសិក្ខាសាលា ក៏នឹងបង្ហាញអំពីបទបញ្ជាការប្រកួត និងបទបញ្ជាបច្ចេកទេសហាមឃាត់មួយចំនួនដល់គ្រូបង្វឹក។ នេះជាលើកទី១ និងជាគំរូមួយ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី គឺត្រូវធ្វើការអភិវឌ្ឍផ្នែកធនធានមនុស្សនេះឲ្យមានចីរភាព និងស្ថេរភាពនៅថ្ងៃអនាគតឲ្យបានយូរអង្វែង ហើយលោកសង្ឃឹមថា ក្រោយចប់វគ្គនេះ គ្រូបង្វឹកទាំងអស់ នឹងត្រូវបានទទួលស្គាល់ និងទទួលបានបុព្វសិទ្ធក្នុងការដឹកនាំកីឡាយុទ្ធគុនចម្រុះទៅថ្ងៃអនាគត។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដដែលបន្ដថា «អ្វីដែលជាចក្ខុវិស័យរបស់អ្នកជំនាញការបច្ចេកទេសរបស់យើងទៅថ្ងៃក្រោយទៀត ក្នុងវគ្គក្រោយៗទៀត នឹងមានជំនាញការគ្រូកម្រិតអន្ដរជាតិផ្នែកយុទ្ធគុនចម្រុះខាង MMA ខាង One FC ខាង UFC មកធ្វើការបង្ហាត់បង្រៀន ផ្ដល់នូវចំណេះដឹងទំនើប និងធ្វើបច្ចុប្បន្នចំណេះដឹងថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនសមត្ថភាពីមួយថ្ងៃទៅមួយថ្ងៃឲ្យជឿនលឿន និងមានភាពល្អប្រសើរ ហើយតាមទាន់របថ និងបរិយាកាស នៃកីឡាយុទ្ធប្រយុទ្ធនៅក្រៅប្រទេស។ នេះគឺជាការងារសំខាន់ ដែលពួកយើងទាំងអស់គ្នាត្រូវធ្វើបន្ដទៀត»

ក្រោយរៀបចំសិក្ខាសាលាបច្ចេកទេសសម្រាប់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរបុរាណនេះ លោក វ៉ាត់ ចំរើន មានសុទិដ្ឋិនិយម សម្រាប់ការប្រកួតពានរង្វាន់សម្ដេចបវរធិបតី លើកទី២ នាខែតុលា ឆ្នាំ២០២៥ ខាងមុខ នឹងកាន់តែមានភាពល្អប្រសើរ ដ្បិតគ្រប់ភាគីពាក់ព័ន្ធ មានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំ និងត្រៀមខ្លួន ពិសេសការសិក្សាស្វែងយល់ពីបទបញ្ជាការប្រកួត ក៏ដូចជាបទបញ្ជាបច្ចេកទេសផ្សេងៗ។ អ្វីដែលសំខាន់ លោកជឿជាក់ថា ការប្រកួតឆ្នាំនេះ នឹងធ្វើឲ្យគម្លាតបច្ចេកទេស រវាងកីឡាករនីមួយៗ មានភាពល្អប្រសើរ និងប្រហាក់ប្រហែលគ្នា ដែលអាចទាក់ទាញការចូលរួមទស្សនា និងគាំទ្រកាន់តែច្រើនផុសផុលថែមទៀត៕