(បរទេស)៖ ថ្វីត្បិតតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple យល់ព្រមបង់ប្រាក់ចំនួន ៩៥លានដុល្លារដើម្បីបញ្ចប់បណ្តឹងទាក់ទងនឹងការចោទប្រកាន់ថាបានកត់ត្រាការសន្ទនារបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពិតមែន ប៉ុន្តែ Apple នៅតែប្រកាន់គោលជំហររបស់ខ្លួនយ៉ាងរឹងមាំ ដោយបានបញ្ជាក់ថាខ្លួនមិនដែលលក់ទិន្នន័យដែលប្រមូលបានដោយជំនួយការសំឡេង Siri របស់ខ្លួន ឬប្រើវាដើម្បីផ្សាយពាណិជ្ជកម្មនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា Apple បានយល់ព្រមបង់ប្រាក់នៅសប្តាហ៍មុន ដោយក្នុងនោះអតិថិជន Apple រាប់សិបលាននាក់ដែលប្រើ iPhone និង Apple Watch នឹងទទួលបានប្រាក់ ២០ដុល្លារក្នុងមួយឧបករណ៍ដែលប្រើ Siri។ Apple បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះ​ថា «ក្រុមហ៊ុនខ្លួនមិនដែលប្រើប្រាស់ទិន្នន័យ Siri ដើម្បីទម្រង់ទីផ្សារ និងមិនបានលក់វាទៅឱ្យនរណាម្នាក់ផ្សាយពាណិជ្ជកម្ម ឬក្នុងគោលបំណងណាមួយឡើយ»។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សាយសង្គមជាច្រើននាំគ្នារិះគន់ទៅលើគោលការណ៍របស់​ Apple ថាវាពិតជាការពិត។ តែយ៉ាងណា Apple នៅតែបញ្ជាក់ម្តងហើយម្តងទៀត និងបានគូសបញ្ជាក់ថា លក្ខណៈពិសេសមួយចំនួនតម្រូវឱ្យមានការបញ្ចូលពេលវេលាពិតប្រាកដពីម៉ាស៊ីនមេ Apple ហើយវាមានតែនៅក្នុងករណីបែបនេះដែល Siri ប្រើទិន្នន័យតិចតួចតាមដែលអាចធ្វើទៅបានដើម្បីផ្តល់លទ្ធផលត្រឹមត្រូវ។ «Apple មិនរក្សាការថតសំឡេង Siri នោះទេ លុះត្រាអ្នកប្រើប្រាស់កំណត់វាដោយខ្លួនឯង» ទោះជាយ៉ាងនោះក្តី «យើងនឹងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីធ្វើឱ្យ Siri កាន់តែឯកជន»។

គួរជម្រាបថា បណ្តឹងនេះត្រូវបានចោទប្រកាន់ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ពោលគឺមកដល់ពេលនេះមានរយៈពេលជាង ១០ឆ្នាំហើយ។ តាមការបញ្ជាក់ គឺចាប់ផ្តើមនៅពេលដែល Apple បញ្ចូលមុខងារ «Hey, Siri» ដែលជា Keyword សម្រាប់ឱ្យ Siri បើកដំណើរការ៕