(កណ្តាល)៖ ក្រុមតោក្រហម Casumina និង U79 ស្អាង បានផ្តួចផ្តើមបង្កើតការប្រកួតបាល់ទាត់កម្មវិធីពានរង្វាន់មិត្តភាព ដើម្បីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា» ក្រោមប្រធានបទ «៧មករា នៃការចងចាំ» ដែលប្រព្រឹត្តនៅទីលានវិទ្យាល័យហ៊ុនសែនស្អាង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ កម្មវិធីនេះ បានធ្វើឡើងយ៉ាងសប្បាយរីករាយ ប្រកបដោយស្មារតីកីឡា មិត្តភាព សាមគ្គីភាព និងពោរពេញដោយស្នាមញញឹមគ្រប់ៗគ្នា។

កីឡានាំមកនូវសុខភាពល្អ តែបើប្រទេសមិនមានសុខសុវត្ថិភាព សន្តិភាពទេនោះ ក៏ពួកយើងក៏មិនមានសុខភាពល្អ សុខមាភាព មិនមានការជួបជុំគ្នា មិនមានស្នាមញញឹមនោះឡើយ។ អរគុណសន្តិភាព ទើបយើងទទួលបានសិទ្ធិសេរីភាពពេញលេញ។

គួរបញ្ជាក់ថា ក្រុមទាំងពីរនេះ មិនមែនក្រុម ឬក្លឹបបាល់ទាត់អាជីពទេ ដោយប្រមូលផ្តុំគ្នាគ្រប់មជ្ឈមដ្ឋានផ្សេងៗគ្នា លេងកីឡាដើម្បីសុខភាព និងសាមគ្គីភាព ពួកគាត់ក៏បង្កើតកម្មវិធីពានរង្វាន់មិត្តភាព ដើម្បីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា» តែម្តង។ ក្រោយចប់ការប្រកួត ក្រុមU79 ស្អាង បានទទួលជ័យជម្នះលើកពានរង្វាន់ ទិវាជ័យជម្នះ ៧មករា ដោយលទ្ធផល ៤ ទល់ ៦ ។

នេះជាគំរូដល់ល្អមួយ ដល់ពលរដ្ឋដទៃ ដែលពួកគាត់ជ្រើសរើសយកកីឡាដើម្បីសុខភាព ជៀសឆ្ងាយពីសកម្មភាពមិនល្អ ដូចជាការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន ដែលអាចប៉ះពាល់ដល់សុខភាព ឬបណ្តាលពីស្រវឹងទៅបើកបរ ធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ ឬប្រើប្រាស់អំពើហិង្សា។

ជាចុងក្រោយ ពួកគាត់អរគុណដល់ នាយកសាលា និងលោកគ្រូផ្នែកកីឡានៃវិទ្យាល័យហ៊ុនសែនស្អាង ដែលបានផ្តល់ទីលានប្រកួត និងសម្របសម្រួលនៃការប្រកួត ធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តិទៅ យ៉ាងរលូន បញ្ចប់ដោយជោគជ័យ។

ខួបទី៤៦ ទិវាជ័យជំនះ ៧ មករា​ គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិ របស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។

នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចប្រកែកបាន។ យើងខ្ញុំជាយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗ ដូចបច្ចុប្បន្ននេះ។ ថ្ងៃ៧មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ៕