(បរទេស)៖ ជាលើកដំបូង, នៅថ្ងៃពុធសប្តាហ៍នេះតុលាការរបស់សហភាពអឺរ៉ុប បានសម្រេចពិន័យគណៈកម្មការអឺរ៉ុបដោយតម្រូវឱ្យបង់ប្រាក់ចំនួន ៤០០អឺរ៉ូ (ប្រហែល ៤១២ដុល្លារ) ដល់ពលរដ្ឋអាល្លឺម៉ង់ ជុំវិញការខកខានមិនគោរពតាមបទប្បញ្ញត្តិការពារទិន្នន័យផ្ទាល់ខ្លួន។ តុលាការបានកំណត់ថា គណៈកម្មការអឺរ៉ុបបានផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាល្លឺម៉ង់ ទៅសហរដ្ឋអាមេរិកដោយគ្មានការការពារត្រឹមត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។
ករណីនេះ បានកើតឡើងនៅពេលដែលពលរដ្ឋអាល្លឺម៉ង់បានចុះឈ្មោះសម្រាប់សន្និសីទ ដែលរៀបចំដោយគណៈកម្មការអឺរ៉ុបដោយប្រើមុខងារ «Sign in with Facebook»។ ខណៈ តុលាការបានរកឃើញថាទិន្នន័យផ្ទាល់ខ្លួន រួមទាំងអាសយដ្ឋាន IP របស់អ្នកចូលរួមម្នាក់ៗត្រូវបានផ្ទេរទៅ Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook) នៅសហរដ្ឋអាមេរិក ដោយគ្មានការការពារគ្រប់គ្រាន់ ដែលបង្កើតជាការរំលោភលើបទប្បញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអឺរ៉ុប (GDPR)។
សេចក្តីសម្រេចនេះ ត្រូវបានគេមើលឃើញថាជាប្រវត្តិសាស្ត្រដំបូងគេ ព្រោះវាជាលើកដំបូងដែលស្ថាប័នសហភាពអឺរ៉ុបត្រូវបានទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះការបំពានបទប្បញ្ញត្តិឯកជនភាពទិន្នន័យរបស់ខ្លួន។ តុលាការ បានចាត់ទុកសកម្មភាពរបស់គណៈកម្មការអឺរ៉ុបថាជាការបំពានយ៉ាងធ្ងន់ធ្ងរនៃបទប្បញ្ញត្តិ GDPR។
គួរជម្រាបថា GDPR ត្រូវបានចាត់ទុកថាជាច្បាប់ឯកជនភាពទិន្នន័យដ៏តឹងរ៉ឹងបំផុតមួយនៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតឡើងដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប។ ទាំងអង្កការ ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាអាចប្រឈមនឹងការផាកពិន័យខ្លាំង ប្រសិនបើមិនអនុលោមតាមច្បាប់។ ជាក់ស្តែងការពិន័យលើកនេះ សបញ្ជាក់ថាសូម្បីតែស្ថាប័នសហភាពអឺរ៉ុបផ្ទាល់ក៏មិនត្រូវបានលើកលែងផងដែរ។ ស្របជាមួយគ្នានេះក្រុមហ៊ុនធំៗដូចជា Klarna, Meta, LinkedIn និងក្រុមហ៊ុនផ្សេងទៀត បច្ចុប្បន្នបានប្រឈមនឹងការផាកពិន័យរួចទៅហើយពីសហភាពអឺរ៉ុប ចំពោះការមិនគោរពតាមច្បាប់៕