(បរទេស)៖ ម្ចាស់បច្ចុប្បន្នរបស់ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា មិនមានបំណងចង់លក់ក្លិបទៅឱ្យមហាសេដ្ឋី Elon Musk នោះទេ បន្ទាប់ពីលោក Errol Musk ដែលជាឪពុករបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហាញពីបំណងរបស់កូនប្រុសក្នុងការទិញក្លិបនៅលីគ Premier League ។ នេះបើតាមប្រភពពី Si.com ។

ជាមួយគ្នានេះប្រភពពី Si.com បានឱ្យដឹងថា មហាសេដ្ឋីបច្ចេវិទ្យាលោក Elon Musk មានបំណង់ចង់ទិញក្លិបនៅលីគអង់គ្លេស ដែលត្រៀមទឹកប្រាក់ប្រមាណ ៥.៣៧ពាន់លានដុល្លារ ដែលមានទស្សនវិស័យចង់ទិញក្លិប Liverpool បើយោងតាមប្រភពពីឪពុករបស់គាត់ ។

ប្រភពខាងលើបន្តថា លោក Errol Musk ពិតជាអាចមានលទ្ធភាពទិញ Liverpool ប្រសិនបើគាត់សម្រេចចិត្តបន្តឱកាសក្នុងការទិញនោះ ខណៈក្លិបហង្សក្រហមមួយនេះ នឹងអាចជាក្លិបថ្លៃបំផុតទី៤ នៅលើពិភពលោកដែលមានតម្លៃប្រមាណ ៥.៣៧ពាន់លានដុល្លារ ប៉ុន្តែអ្នកជំនួញរូបនេះមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៤២៦.៥ ពាន់លានដុល្លារ បើយោងតាមទស្សនាវដ្តី Forbes ។

តាមរយៈព័ត៌មាននេះ បានក្លាយជាការពិបាកមួយដល់ក្លិប Liverpool ដែលកំពុងមានការព្យាយាមប្រជែងដណ្តើមពាន Premier League ខណៈកីឡាករ Mohamed Salah, Trent Alexander-Arnold និង Virgil van Dijk ក៏កំពុងមានស្ថានភាពមិនល្អចំពោះកិច្ចសន្យា ដ្បិតហើយឥឡូវនេះ ភាគហ៊ុនកម្មសិទ្ធិថ្មី ដែលនឹងអាចកើតមាននោះ ត្រូវបានលើកមកពិភាក្សាកក្នុងរដូវកាលនេះ ៕