(បរទេស)៖ មូលនិធិរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅពេលនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ ដោយមានការរួមចំណែកគួរឱ្យកត់សម្គាល់ចំនួន ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដោយមាន​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​​អាមេរិក​ធំៗបាន​ផ្ដល់ជូន។

យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះក្រុមហ៊ុន Big Tech​ អាមេរិក​ដែលជាបងធំនៅក្នុងពិភព​បច្ចេកវិទ្យា​ មានដូចជា Google, Apple, Microsoft, Meta (Facebook) និង Amazon បាននាំគ្នាបរិច្ចាគ ១លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន ដើម្បីគាំទ្រ​ដល់​មូលនិធិរបស់លោក Trump ឱ្យដំណើរការរលូន។

មិនត្រឹមតែក្រុមហ៊ុន Big Tech អាមេរិកប៉ុណ្ណោះទេ សូម្បីតែលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ដែលជាមេធំរបស់ ChatGPT ក៏បានចូលរួមនៅក្នុងសកម្មភាពមួយនេះ​ផងដែរ។

មូលនិធិរបស់លោក Donald Trump ត្រូវបានគេស្គាល់ជាផ្លូវការថា «Trump-Vance Inaugural Committee, Inc.» គឺជាអង្គភាព​មិនរកប្រាក់​ចំណេញ​ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ព្រឹត្តិការណ៍ជុំវិញការឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត ដោយ​មិន​មាន​ការកំណត់ទៅលើការបរិច្ចាគ និងអនុញ្ញាតឱ្យបុគ្គល និងសាជីវកម្មចូលរួមវិភាគទាននូវចំនួនដ៏ច្រើនដោយគ្មានការរឹតត្បិត។

លោក Donald Trump មានបង្ហាញឱ្យដឹងថា ការរៃអង្គាសប្រាក់នេះ លោករំពឹងថានឹងទទួលបានច្រើនជាង ១៧០លានដុល្លារអាមេរិក ហើយ​វានឹង​បំបែកកំណត់ត្រារហូតដល់ជាង ២០០លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។ ចំពោះសកម្មភាពនៃការចូលរួមរបស់ក្រុមហ៊ុន Big Tech ត្រូវបាន​គេមើលឃើញថា វាជាការផ្លាស់ប្ដូរទំនាក់ទំនងដ៏ល្អមួយរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងរដ្ឋាភិបាលអាមេរិក ខណៈដែលកន្លងមក​ហាក់​មាន​ភាពមិនសូវរលូននឹងគ្នានោះទេ៕