(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានឈានដល់ការបញ្ចប់តំណែងអ្នកចាត់ការទូទៅ Sean Dyche នៅពេលពួកគេធ្លាក់ដល់លេខរៀងទី១៦ ជាបណ្តោះអាសន្នក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២៤-២៥។

នេះមានន័យថា បុរសវ័យ ៥៣ឆ្នាំ Dyche បានក្លាយគ្រូបង្វឹកទី៦ នៅ Premier League រដូវកាលនេះ ដែលត្រូវបានដកតួនាទីធំនេះ បន្ទាប់ពីលោកឈរជើងបាន ២ឆ្នាំនៅកីឡដ្ឋាន Goodison Park។

Everton បានប្រកាសដកគ្រូបង្វឹកពួកគេចេញពីតំណែងនេះ នៅសល់តែប៉ុន្មានម៉ោងប៉ុណ្ណោះចាប់ផ្តើមប្រកួតទល់នឹងក្រុម Peterborough United មកពី League One ដែល Everton បានយកឈ្នះ ២-០ ក្នុងជុំទី៣ នៃពានរង្វាន់ FA Cup 2024-25 ដោយដាក់លោក Leighton Baines គ្រូបង្វឹកមកពីឈុត U-18 របស់ពួកគេ សហការជាមួយប្រធានក្រុមបច្ចុប្បន្ន Seamus Coleman ក្នុងការដឹកនាំទទួលបានជ័យជម្នះនេះ។

Everton បានរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ AFC Bournemouth កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ដែលធ្វើឱ្យពួកគេធ្លាក់ទៅលេខ១៦ ក្នុង Premier League និងស្ថិតនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះផងដែរ៕