(មេនឆេស្ទើ)៖ Amad Diallo ដែលលេងក្នុងតំបន់បម្រើ បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីចំនួន ៥ឆ្នាំកន្លះទៀតជាមួយក្លិប Manchester United ពោលគឺនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០៣០ ឯណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កិច្ចសន្យាចាស់របស់កីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ នឹងអស់សុពលភាពនៅបំណាច់រដូវកាលឆ្នាំ២០២៤-២៥ នេះ បើទោះបីជាបិសាចក្រហមមានជម្រើសក្នុងការបន្ថែមបាន ១២ខែទៀតក៏ដោយ។ United ចង់បានតារាឆ្នើមកូដឌីវ័ររូបនេះលេងនៅ Old Trafford យូរជាងនេះ ក្រោយរកបាន ៦គ្រាប់ ពីការចូលលេង ២៧ប្រកួតគ្រប់កម្មវិធីរដូវកាលនេះ។

នៅចាំបានថា Diallo បានមកចូលរួមជាមួយក្លិបអង់គ្លេស Man Utd កាលឆ្នាំ២០២១ ដោយផ្ទេរពីក្លិប Atalanta របស់អ៉ីតាលី ជាទីដែលរូបគេរកបាន ៩គ្រាប់ ពីការបង្ហាញខ្លួនសរុប ៥០លើក។

រូបគេត្រូវបានដាក់ឱ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូងបានតែ ៩លើកប៉ុណ្ណោះ ក្នុងចំណោម ៣រដូវកាលដំបូងនៅកីឡដ្ឋាន Old Trafford និងត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិប Rangers របស់ស្កុតឡេនក្នុងជើងទី២ នៃរដូវកាល ២០២១-២២ ផងដែរ៕