(បរទេស)៖ ក្រុមហ៊ុន Hyundai Motor របស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនីដែលមានតម្លៃទាបបំផុតមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន ដើម្បីវាយលុកទីផ្សារដែលគ្រប់គ្រងដោយក្រុមហ៊ុនរថយន្តយក្សក្នុងស្រុកជាមួយនឹងបច្ចេកវិទ្យារថយន្ត Hybrid សាំង-អគ្គិសនី។ រថយន្តថ្មីនេះមានឈ្មោះម៉ូដែល Hyudai Inster ជាប្រភេទរថយន្តអគ្គិសនីខ្នាតតូច ខណៈតម្លៃរបស់វាទាបជាង បើធៀបនឹងរថយន្តអគ្គិសនីដ៏លេចធ្លោររបស់ចិន BYD។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ការប្រកាសរបស់ Hyundai ត្រូវបានគេឱ្យដឹងថា កើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិក Tesla មានគម្រោងចូលទៅវាយលុកទីផ្សារនៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសជឿនលឿន ប៉ុន្តែហាក់បីមានការរីកចម្រើនយឺតលើវិស័យរថយន្តអគ្គិសនី។ Hyundai នឹងដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ១៨,០០០ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃទាបបំផុតជាលើកដំបូងក្នុងប្រទេសជប៉ុន និងទូទាំងពិភពលោក ហើយក៏ទាបជាងផងដែលបើធៀបនឹងតម្លៃប្រហែល ២៣,០០០ដុល្លារសម្រាប់រថយន្ត Dolphin របស់ក្រុមហ៊ុនចិន BYD ជាប្រភេទរថយន្តអគ្គិសនីខ្នាតតូចដូចគ្នាដែលបានចេញលក់កាលពីឆ្នាំ២០២៣។

គួរជម្រាបថា ក្រុមហ៊ុន Hyundai បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានក្នុងអំឡុងកម្មវិធី Tokyo Auto Salon motor show ថា Inster ដែលបានបង្ហាញខ្លួនដំបូងនៅអឺរ៉ុបកាលពីឆ្នាំមុនបន្ទាប់ពីដាក់លក់នៅប្រទេសកូរ៉េខាងត្បូងក្នុងនាមជា Casper Electric នឹងបើកសម្រាប់ការបញ្ជាទិញពីអតិថិជនជប៉ុនចាប់ពីថ្ងៃសុក្រនេះតទៅ៕