(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបើកដំណើរការកំណែថ្មីនៃ Model Y ដែលជារថយន្តលក់ដាច់បំផុតរបស់ខ្លួននៅក្នុងប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសង្ឃឹមថាការឌីហ្សាញរូបរាងថ្មីទាំងផ្នែកខាងក្រៅ និងលក្ខណៈពិសេសខាងក្នុង នឹងជួយឱ្យ Tesla ទទួលបានចំណែកទីផ្សារត្រឡប់មកវិញ ខណៈបច្ចុប្បន្ននេះត្រូវបានកាន់កាប់ដោយគូប្រជែងក្នុងស្រុក Xiaomi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតរថយន្តអាមេរិក បាននិយាយនៅលើគណនីបណ្តាញសង្គម Weibo របស់ខ្លួនថា រថយន្ត Model Y ជំនាន់ថ្មីដែលជារថយន្តអគ្គិសនីដ៏ពេញនិយមបំផុតរបស់ពិភពលោកនឹងមានតម្លៃ ចាប់ពី ៣៥,៩០០ដុល្លារក្នុងមួយគ្រឿងឡើងទៅ ខណៈតម្លៃនេះថ្លៃជាងបើធៀបនឹងកំណែមុននៅក្នុងប្រទេសចិនប្រហែល ៥.៤% ដែលជាទីផ្សារធំទីពីររបស់ក្រុមហ៊ុន Tesla។ បន្ថែមនេះ ការដឹកជញ្ជូននៅក្នុងប្រទេសចិនត្រូវបានកំណត់នឹងចាប់ផ្តើមនៅក្នុងខែមីនាខាងមុខ ក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។ តែយ៉ាងណា ជុំវិញព័ត៌មានលម្អិតផ្សេងទៀតក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយនោះទេ។

គួរជម្រាបថា រថយន្ត Model Y ជំនាន់ថ្មីត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹងលក្ខណៈពិសេសៗជាច្រើន ដោយផ្នែកខាងមុខបែបទំនើបស្រដៀងនឹងរថយន្ត Cybertruck រួមជាមួយនឹងភ្លើង LED ថ្មី និងកាងខាងក្រោយបែបស្ព័រ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងមានការកែលម្អទៅលើកៅអីទាំងខាងមុខ និងក្រោយស្របតាមអាកាសធាតុផងដែរ។ ដោយឡែចំពោះអាគុយវិញមានកម្លាំងខ្លាំងជាងមុនរត់បានចម្ងាយរហូតដល់ ៧១៩គីឡូម៉ែត្រក្នុងការសាកថ្មមួយពេញ ដែលកើនឡើងពី ៦៨៨គីឡូម៉ែត្រពីម៉ូដែលមុន៕