(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក. ឬ Royal Group Phnom Penh SEZ Plc. បាននាំយកថវិកាចំនួន១០ម៉ឺនដុល្លារ ប្រគល់ជូនដល់សមាគមសិល្បករខ្មែរ ក្រោយពេលក្រុមហ៊ុនអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មួយនេះបានប្រកាសឧបត្ថម្ភសមាគមសិល្បករខ្មែរចំនួន១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ដើម្បីជាការរួមចំណែកជួយដល់សកម្មភាពរបស់សមាគមសិល្បករខ្មែរ ក្រោមការដឹកនាំប្រកបដោយភាពច្បាស់លាស់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង។
កម្មវិធីប្រគល់ថវិកានៅឆ្នាំដំបូងនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសិល្បករខ្មែរ ដែលមានអាសយដ្ឋាននៅផ្ទះលេខ៣៩ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក លោក ស៊ុន សាមឿន អ្នកតំណាងក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក. បានឲ្យដឹងថា ការឧបត្ថម្ភនេះជាការរួមចំណែកក្នុងស្មារតីស្រឡាញ់ជាតិ មាតុភូមិ ពិសេសក្នុងដំណើរអភិរក្ស ថែរក្សា និងអភិវឌ្ឍសិល្បៈវប្បធម៌ដ៏ល្អត្រចះត្រចង់របស់កម្ពុជា ស្របតាមសុភាសិតមួយបានពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន»។
លោកបានបន្ថែមថា ក្នុងនាមក្រុមហ៊ុន Royal Group Phnom Penh SEZ Plc លោកពិតជាបានមើលឃើញពីសកម្មភាពដ៏សកម្មរបស់សមាគមសិល្បករខ្មែរក្នុងអាណត្តិទី៦នេះ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកពិតជាមានមោទនភាពដែលបានរួមចំណែកជួយដល់សមាគម ក៏ដូចជាកិច្ចការសិល្បៈវប្បធម៌របស់កម្ពុជា។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន Royal Group Phnom Penh SEZ Plc ដែលមានបេះដូងសិល្បៈ និងជួយឧបត្ថម្ភក្នុងសកម្មភាពរបស់សមាគម ដែលនេះជាកាយវិការប្រកបដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់លើសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាយើង។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ សមាគមសិល្បករខ្មែរ បានធ្វើសកម្មភាព និងបានដឹកនាំសិល្បករ-សិល្បការិនីចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយការបង្ការ និងការពារប្រយុទ្ធនឹងជំងឺអេដស៍។ សហការរៀបចំការប្រគំតន្ត្រីជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន។
ជាមួយគ្នានោះ សមាគមក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ។ល។ ពិសេសជាងនោះទៅទៀត សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនផងដែរ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជាជាដើម៕