(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក TSMC បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រាក់ចំណូលប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២៤ របស់ខ្លួនបានយកឈ្នះការព្យាករណ៍នៅលើទីផ្សារ និងបានឈានដល់កម្រិតមួយខ្ពស់បំផុតលើសពីការរពឹងទុកនៃតម្រូវការបញ្ញាសិប្បនិម្មិត AI ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

TSMC ត្រូវបានគេដឹងថា មានអតិថិជនធំៗជាច្រើននៅក្នុងដៃក្នុងនោះរួមមាន ក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Nvidia ដែលជាក្រុមហ៊ុនឈានមុខគេលើតម្រូវការបន្ទះឈីបបញ្ញាសិប្បនិម្មិត។ យោងតាមការគណនារបស់ Reuters បានបង្ហាញថា ប្រាក់ចំណូលដែលរកបានអំឡុងខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៨៦៨.៤២ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ២៦.៣៦ពាន់លានដុល្លារ) ជាចំនួនច្រើនជាង បើធៀបនឹងការព្យាការណ៍របស់ LSEG SmartEstimate ចំនួន ៨៥៣.៥៧ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល ២៥.៩០ពាន់លានដុល្លារ) ដែលទាញពីអ្នកវិភាគចំនួន ២៣នាក់។

តួរលេខខាងលើនេះ តំណាងឱ្យការកើនឡើង ៣៤.៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំមុនរកបានត្រឹមចំនួន ១៩.៦២ពាន់លានដុល្លារតែប៉ុណ្ណោះ។ តែយ៉ាងណាតួរលេខនេះ នៅមិនទាន់ជាក់លាក់នៅឡើយនោះទេ ខណៈការគណនារបស់ Reuters គឺចេញពីលុយដុល្លារតៃវ៉ាន់ ដោយ TSMC នៅមិនទាន់ផ្តល់ទិន្នន័យជាលុយដុល្លារអាមេរិកទេ។ ដូច្នេះវាអាចមានការល្អៀងខុសគ្នាតិចតួច។

គួរជម្រាបថា TSMC នឹងរាយការណ៍អំពីប្រាក់ចំណូលត្រីមាសទី៤ ឆ្នាំ២០២៤ ពេញលេញនៅថ្ងៃទី១៦ ខែមករា ខាងមុខនេះ នៅពេលដែលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពទស្សវិស័យរបស់ខ្លួនសម្រាប់ត្រីមាសទី១ និងពេញមួយឆ្នាំ២០២៥ រួចរាល់៕