(បរទេស)៖ ក្រុមគ្រួសាររបស់អ្នកជំនួញថៃ ដែលបច្ចុប្បន្នជាម្ចាស់ក្លិប Leicester City បានធ្វើការទាមទារសំណងតាមផ្លូវច្បាប់ជាទឹកប្រាក់ប្រមាណ ២.៦៥ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុន Leonardo S.p.A. ដែលជាក្រុមហ៊ុនពហុជាតិអ៊ីតាលី មានឯកទេសខាងអាកាសចរណ៍ ការពារជាតិ និងសន្តិសុខ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប លោក Vichai Srivaddhanaprabha បានស្លាប់កាលឆ្នាំ២០១៨ ។
ក្រុមគ្រួសាររបស់លោក Srivaddhanaprabha អតីតម្ចាស់ក្លិបបាល់ទាត់ Leicester City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ការទាមទារនេះ គឺគិតរួមនៅការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងទៀត ខណៈក្រុមហ៊ុនច្បាប់ Stewarts ដែលតំណាងឱ្យក្រុមគ្រួសារម្ចាស់ក្លិប បាននិយាយថា នេះជាការទាមទារសំណងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រផ្លូវច្បាប់អង់គ្លេស ។
រំលឹកផងថា គ្រោះថ្នាក់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅក្រោយពេលប្រហែល ១ម៉ោង បន្ទាប់ពីការប្រកួតក្នុងផ្ទះជាមួយក្រុម West Ham United នៅពេលដែលយន្តហោះបានហោះចេញពីកីឡដ្ឋាន King Power ហើយបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងនាពេលនោះ ។ ខណៈក្រុមមេធាវី Stewarts បាននិយាយថា ចំណាត់ការរបស់តុលាការកំពូលត្រូវបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ៕