(ឡុងដ៏)៖ លោក David Moyes កំពុងមានការពិភាក្សាជាមួយក្លិបស្ករគ្រាប់ Everton ជុំវិញការវិលត្រឡប់មកកាន់កីឡដ្ឋាន Goodison Park បន្ទាប់ពីការបណ្តេញអ្នកចាត់ការ Sean Dyche ក្នុងពេលថ្មីៗនេះ ។
ជាមួយស្ថានភាពនេះ សារព័ត៌មាន Sky Sports បានរាយការណ៍កាលពីថ្ងៃសុក្រថា លោក David Moyes បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីវិលមកដឹកនាំក្រុម Everton វិញ ដែលនេះជាមានររយៈជាងមួយទសវត្សរ៍ហើយ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បានចាកចេញពី Everton ។
រំលឹកផងថា លោក David Moyes ធ្លាប់ការតួនាទីអ្នកចាត់ការក្រុម Everton ចាប់ពីរដូវកាល២០០២ រហូតដល់ឆ្នាំ២០១៣ ជាមួយនឹងការយកបានជ័យជម្នះ ២១៨ប្រកួតនៅគ្រប់កម្មវិធីលេងរបស់ក្លិប ដែលជួយឱ្យក្លិបនេះឈានដល់វគ្គផ្តាច់ព្រ័ត្រពាន FA Cup ២០០៨-០៩ ជាក្រុមជើងឯករងនាពេលនោះ ។
លោកក៏ជាគ្រូបង្វឹកម្នាក់ជួយក្រុម West Ham United លើកពានតំបន់អឺរ៉ុបទី៣ Europa Conference League 2022-2023 ខណៈលោកបានទំនេរពីការបង្វឹកនេះ គិតចាប់ពីខែឧសភា ឆ្នាំ២០២៤ ក្រោយចាក់ចេញពីក្លិប West Ham United ។ ខណៈបច្ចុប្បន្នក្នុងរដូវកាលនេះក្លិប Everton កំពុងស្ថិតក្នុងស្ថានភាពពិបាកដោយទៅឈរនៅលេខ១៦ ក្នុងតារាងពិន្ទុ Premier League បណ្តោះអាសន្នរដូវកាលនេះ គិតត្រឹម ១៩ប្រកួត ៕