(បរទេស)៖ គេហទំព័រព័ត៌មាន​ Semafor បានរាយការណ៍មកថា នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta លោក Mark Zuckerberg បានចូលជួបជាមួយនឹងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅឯភូមិគ្រឹះ​ Mar-a-Lago។​ យ៉ាងណា កិច្ចពិភាក្សានេះមិនត្រូវបានប្រភពបង្ហាញពីព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

កិច្ចពិភាក្សារនេះ កើតឡើងបន្ទាប់ពីការប្រកាសរបស់លោក Zuckerberg ថា Meta ដែលជាមេធំរបស់ Facebook កំពុងបញ្ឈប់កម្មវិធី Diversity, Equity និង Inclusion (DEI) programs​ ដែលជាកម្មវិធីបង្កើតឡើងដើម្បីបង្កើតបរិយាកាសកន្លែងធ្វើការដែលផ្តល់តម្លៃ និងគាំទ្រដល់បុគ្គលមកពីមជ្ឈដ្ឋានផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ Meta ក៏បញ្ឈប់កម្មវិធីសម្រាប់ជួលបុគ្គលិក, វគ្គបណ្តុះបណ្តាល និងការជ្រើសរើសអ្នកផ្គត់ផ្គង់ផងដែល ខណៈប្រកាសនេះត្រូវប្រកាសនៅក្នុង memo ទៅកាន់បុគ្គលិក។

គួរជម្រាបថា ក្រុមហ៊ុនយក្សប្រព័ន្ធផ្សព្វផ្សាយសង្គមនៅដើមសប្តាហ៍នេះ ក៏បានលុបចោលកម្មវិធីត្រួតពិនិត្យការពិតរបស់សហរដ្ឋអាមេរិក និងបន្ថូរបន្ថយការរឹតបន្តឹងប្រធានបទរសើបផងដែលដូចជា អន្តោប្រវេសន៍ និងអត្តសញ្ញាណយេនឌ័រ ស្របពេលដែលលោក Trump ត្រៀមខ្លួនចូលកាន់តំណែងជាលើកទីពីរ។ ដូច្នេះការជួបពិភាក្សារវាងលោក Trump និង លោក Mark Zuckerberg ទំនងជាពាក់ព័ន្ធនឹងរឿងនេះ៕