(ឡុងដ៍)៖ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានឈានដល់កិច្ចព្រមព្រៀង ក្នុងការតែងតាំងលោក David Moyes ជាគ្រូបង្វឹកថ្មីលើកទី២ របស់ពួកគេ ក្រោមកិច្ចសន្យា ២ឆ្នាំកន្លះនៅកីឡដ្ឋាន Goodison Park។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ នេះថា បុរសវ័យ ៦១ឆ្នាំ សញ្ជាតិស្កុតឡេនរូបនេះ ត្រូវបានតែងតាំងជំនួសតំណែងលោក Sean Dyche ដែលត្រូវបានដកតួនាទីក្នុងសប្តាហ៍នេះ នៅពេល Everton ធ្លាក់ដល់លេខរៀងទី១៦ ក្នុង Premier League នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១៩ប្រកួតរដូវកាលនេះ។

អតីតគ្រូបង្វឹកក្លិប West Ham United និង Real Sociedad ផងនោះបានថ្លែងថា «វាពិតជាអស្ចារ្យខ្លាំងណាស់ ពីការត្រឡប់មកវិញ»។

លោក Moyes ធ្លាប់បានដឹកនាំ Everton ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ មុនបន្តទៅដឹកនាំ Manchester United, Real Sociedad, Sunderland និង West Ham ២លើក។ លោកបានទំនេរពីការងារ ក្រោយចាកចេញពីញញួរធំ ដែលលោកបានដឹកនាំឈ្នះជើងឯកពានលំដាប់ទី៣ អឺរ៉ុប Europa Conference League កាលឆ្នាំ២០២៣៕