(ភ្នំពេញ)៖ វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ ដែលរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី៩-១១ ខែមករា នៅសាលាកីឡាគុណធម៌ រាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) បានបញ្ជាក់ថា វគ្គនេះ រៀបចំឡើង ក្រោយទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព។

ក្រោយការសិក្សារយៈពេល ៣ថ្ងៃ លោកបានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃវគ្គនេះ ដ្បិតសិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរ បានចូលរួមដោយក្ដីរីករាយ និងចង់ចេះចង់ដឹងនូវបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី តាមសមាគម/ក្លិប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដែលមិនត្រឹមដាក់ចេញនូវការប្រកួតដណ្ដើមពានរង្វាន់ តែសម្ដេចក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផងដែរ។

លោកបន្ដថា «អ្វីដែលយើងខិតខំប្រឹងប្រែងក្នុងបណ្ដុះបណ្ដាលនេះ គឺយើងធ្វើយ៉ាងណាឲ្យលោកគ្រូទាំងអស់គាត់មានសាមគ្គីភាពផ្ទៃក្នុងល្អ ឲ្យគាត់ចេះស្រលាញ់ក្បាច់គុនយុទ្ធគុនរបស់ដូនតាទាំងអស់គ្នា ហើយបន្ដការថែរក្សានូវមរតកក្បាច់គុននេះឲ្យបានយូរអង្វែង សម្រាប់ចែកជូនកូនចៅជំនាន់ក្រោយ ស្របតាមគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍យុទ្ធគុនដូនតាខ្មែរ ដែលជាគោលការណ៍រួម ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវបរធិបតីនាយករដ្ឋមន្ដ្រី»។

«សរុបមកការសិក្សារយៈពេល ៣ថ្ងៃកន្លងមក ដែលទទួលបានគោលការណ៍រៀបចំពីសម្ដេចមហាបវរធិបតី គឺបានបញ្ចប់ដោយជោគជ័យ និងទទួលបាននូវផ្លែផ្កាល្អ។ យើងនឹងបន្ដតាមដានរាល់សកម្មភាពរបស់គ្រូបង្វឹកទាំងអស់ ដែលយកទៅបង្ហាត់សិស្ស តើទទួលបានលទ្ធផលយ៉ាងម៉េច? នៅខែសីហា យើងនឹងមានវគ្គគ្រូបង្វឹកម្ដងទៀត ដែលយើងត្រូវាយតម្លៃជាថ្មី ទៅលើការយកទៅអនុវត្តរបស់ពួកគាត់ តើមានលទ្ធផលបែបណា? មុនការប្រកួតពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៥» ។ លោក វ៉ាត់ ចំរើន បន្ថែម។

ក្រោយបញ្ចប់ការពង្រឹងបច្ចេកទេសដល់គ្រូបង្វឹក សម្រាប់យកចំណេះដឹងទៅបង្ហាត់ដល់សិស្សគុនរបស់ខ្លួននេះដែរ អនុប្រធានអចិន្ដ្រៃយ៍ គ.ច.យ.ខ.ព ដដែល បានបង្ហាញសុទិដ្ឋិនិយមថា «ការប្រកួតកីឡាយុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី២ នឹងមានគុណភាពផ្នែកបច្ចេកទេសកាន់តែល្អប្រសើរ ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់ និងមានសមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួត ពានរង្វាន់សម្ដេចបវរធិបតី កមានភាពល្បីល្បាញថែមទៀត»៕