(ភ្នំពេញ)៖ គោលបំណងសំខាន់របស់ម្ចាស់ក្រុមហ៊ុនគ្រប់រូប គឺការបើកដំណើរការក្រុមហ៊ុនរបស់ខ្លួនប្រកបដោយជោគជ័យ ប៉ុន្តែនៅក្នុងកាលៈទេសៈខ្លះ ក៏បង្ខំឱ្យម្ចាស់ក្រុមហ៊ុនត្រូវបិទនូវក្រុមហ៊ុនរបស់ខ្លួនទៅវិញ ដោយហេតុថា ក្រុមហ៊ុនអាចជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុជាដើម ។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមួយចង់បិទ ម្ចាស់ក្រុមហ៊ុនត្រូវអនុវត្តនីតិវិធីបិទក្រុមហ៊ុនឱ្យបានត្រឹមត្រូវ ដោយស្របទៅច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការស្នើសុំបិទ នៅដំណាក់កាលអគ្គនាយកដ្ឋានពន្ធដារ ។

តើការបិទក្រុមហ៊ុន នៅដំណាក់កាលអគ្គនាយកដ្ឋានពន្ធដារ ច្បាប់បានកំណត់លក្ខខណ្ឌ ក៏ដូចជាត្រូវរៀបចំឯកសារតម្រូវអ្វីខ្លះនោះ?

សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី នីតិវិធីបិទក្រុមហ៊ុន នៅដំណាក់កាលអគ្គនាយកដ្ឋានពន្ធដារ» បកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

ដោយយោងតាម សេចក្តីណែនាំលេខ ៣២៧៧៥ អពដ ស្តីពីនីតិវិធីនៃការស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ការស្នើសុំបិទក្រុមហ៊ុន ត្រូវភ្ជាប់នូវឯកសារតម្រូវមួយចំនួនមានដូចជា៖ ១). លិខិតជូនដំណឹងស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ ២). ពាក្យស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ (ទម្រង់_១០៣) ចំពោះទម្រង់នេះអាចទាញយកបានតាមរយៈគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh និង ៣). បង្កាន់ដៃបង់ពន្ធប្រថាប់ត្រាលើឯកសារមានលក្ខណៈគតិយុត្តស្តីពីការបិទក្រុមហ៊ុនចំនួន ១លានរៀល ។

បន្ថែមពីនេះ ដោយយោងទៅតាម សេចក្តីជូនដំណឹងលេខ ២១៥ អពដ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីបែបបទនៃការដាក់ពាក្យស្នើសុំឈប់ប្រកបអាជីវកម្មជាស្ថាពរ និងជម្រះបញ្ជីសារពើពន្ធ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ នៅពេលដាក់ពាក្យស្នើសុំត្រូវភ្ជាប់នូវឯកសារបន្ថែមផ្សេងៗទៀតមានដូចជា ច្បាប់ដើមនៃប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ ច្បាប់ដើមនៃវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម លក្ខនិ្តកៈក្រុមហ៊ុន និង/ឬ វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម លិខិតប្រកាសពន្ធប្រចាំខែចំនួនបីខែចុងក្រោយ និងលិខិតប្រកាសពន្ធប្រចាំឆ្នាំ ត្រូវភ្ជាប់សម្រាប់ឆ្នាំជាប់ពន្ធចុងក្រោយ និងឆ្នាំជាប់ពន្ធដែលស្នើសុំបិទក្រុមហ៊ុន (ឧទាហរណ៍៖ ប្រកាសបិទ ឆ្នាំ២០២៣ ត្រូវភ្ជាប់នូវលិខិតប្រកាសពន្ធលើប្រាក់ចំណូលឆ្នាំ២០២២ និងឆ្នាំ២០២៣) ។

គួរបញ្ជាក់ផងដែរថា អ្នកដែលជាប់ពន្ធចំពោះការស្នើសុំបញ្ឈប់នូវសកម្មភាពក្រុមហ៊ុនរបស់ខ្លួន ត្រូវរៀបចំបិទបញ្ជីគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ គិតត្រឹមកាលបរិច្ឆេទបញ្ឈប់អាជីវកម្មជាស្ថាពរឱ្យបានរួចរាល់ជាមុនសិន ដោយហេតុថា បន្ទាប់ពីរដ្ឋបាលសារពើពន្ធបានទទួលពាក្យស្នើសុំបញ្ឈប់អាជីវកម្មជាស្ថាពរ អ្នកជាប់ពន្ធមិនមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំទៀតឡើយ ។

នីតិវីធីបន្ទាប់ នៅពេលដែលបានដាក់នូវឯកសារតម្រូវ ក៏ដូចជាឯកសារភ្ជាប់នានាចូលទៅកាន់អគ្គនាយកដ្ឋានពន្ធដាររួចរាល់ហើយ ខាងរដ្ឋបាលសារពើពន្ធ អាចនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងជូនដំណឹងស្តីពីការចុះធ្វើសវនកម្មដើម្បីជម្រះបញ្ជីសារពើពន្ធ ដោយស្របតាម សេចក្ដីប្រកាស ២៧០ សហវ.ប្រក ស្តីពីសវនកម្មពន្ធដារ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់ពន្ធដារ និងអ្នកជាប់ពន្ធដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០៩ ខេវិច្ឆិកា ឆ្នាំ២០២៤ ។

បន្ទាប់ពីទទួលបានលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មសារពើពន្ធ អ្នកជាប់ពន្ធត្រូវរៀបចំឱ្យបានរួចរាល់នូវឯកសារពាក់ព័ន្ធនានា ព្រមទាំងផ្តល់កិច្ចសហការពេញលេញជាមួយរដ្ឋបាលសារពើពន្ធ ដើម្បីពន្លឿនកិច្ចការចុះសវនកម្មជម្រះបញ្ជីពន្ធដារ ។ បន្ទាប់ពីបញ្ចប់ការធ្វើសវកម្ម សវនករពន្ធដារ នឹងធ្វើរបាយការណ៍អំពីលទ្ធផលសវនកម្ម ដែលក្នុងនោះអាចមាន ឬគ្មានទឹកប្រាក់កំណត់ពន្ធឡើងវិញ ហើយលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញត្រូវប្រគល់ជូនអ្នកជាប់ពន្ធ ។

ក្រោយពេលបង់ប្រាក់រួចរាល់ (ករណីមានប្រាក់ពន្ធត្រូវបង់) ត្រូវថតចម្លងបង្កាន់ដៃបង់ប្រាក់ ព្រមទាំងផ្ញើលិខិតជូនដំណឹង ស្តីពី ការបិទសហគ្រាសជាស្ថាពរ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ទៅកាន់រដ្ឋបាលសារពើពន្ធ និងត្រូវដាក់ពាក្យស្នើសុំ «លិខិតបញ្ជាក់ស្ថានភាពសារពើពន្ធ» ដើម្បីបិទជាស្ថាពរ ។

សរុបសេចក្តីមក ការស្នើសុំបិទក្រុមហ៊ុននៅអគ្គនាយកដ្ឋានពន្ធដារ ម្ចាស់ក្រុមហ៊ុន ត្រូវតែបំពេញតាមលក្ខខណ្ឌដែលមានរៀបរាប់ខាងលើ ដើម្បីឱ្យក្រុមហ៊ុននោះអាចបិទចប់ជាស្ថាពរ នៅដំណាក់កាលអគ្គនាយកដ្ឋានពន្ធដារ ជៀសវាងរងការពិន័យណាមួយនាពេលអនាគត ។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ឈិន ឆាយអ៊ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី(CIC) លេខ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕