(បរទេស)៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញឱ្យដឹងថា តួលេខនៃការលក់ iPhone នៅក្នុងប្រទេសចិននាចុងឆ្នាំ២០២៤ បានធ្លាក់ចុះយ៉ាងខ្លាំង និងអាចបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ២០២៥នេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
លោក Ming-Chi Kuo ជាអ្នកវិភាគដ៏ល្បី ថ្មីៗនេះបានបង្ហាញរបាយការណ៍ទីផ្សារទាក់ទងនឹងក្រុមហ៊ុន Apple ដោយក្នុងនោះលោកបានរំលេចឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ការលក់ផលិតផល Apple ជាពិសេស iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះជាខ្លាំង បើធៀបទៅនឹងឆ្នាំ២០២៣ ដោយបានធ្លាក់ចុះចន្លោះពី ១០ ទៅ១២ភាគរយ។
លោកបានបន្តទៀតថា មូលហេតុចម្បងដែលនាំឱ្យមានការធ្លាក់ចុះនេះគឺដោយសារតែ iPhone 16 របស់ Apple មិនមានគំនិតច្នៃប្រឌិតអ្វីថ្មី ដែលទាក់ទាញអ្នកប្រើប្រាស់។ មួយវិញទៀតគឺស្មាតហ្វូនដែលជាផលិតផលរបស់ក្រុមហ៊ុនក្នុងស្រុកបាននិងកំពុតតែវាយលុកទីផ្សារប្រទេសចិនយ៉ាងសម្បើមជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ ជាមួយនឹងគុណភាព និងភាពលេចធ្លោជាច្រើនទៀត។
បើយើងពិនិត្យមើលតែមួយជ្រុងនោះយើងមិនបានដឹងថា ការធ្លាក់ចុះក្នុងកម្រិត ១០ ទៅ ១២ភាគរយនេះ វាជារឿងធំ ឬសំខាន់សម្រាប់ Apple នោះទេ ប៉ុន្តែយើងត្រូវដឹងថា ចិនគឺជាទីផ្សារស្មាតហ្វូនធំលំដាប់ទី២របស់ Apple ហើយកន្លងមក ទីផ្សារមួយនេះមិនធ្លាក់ចុះខ្លាំងដូចនេះទេ មួយវិញទៀត Apple បានព្យាយាមរក្សានូវអត្រានៃការលក់នៅក្នុងទីផ្សារចិនឱ្យរក្សាបាននៅក្នុងលក្ខខណ្ឌទីផ្សារមានស្ថេរភាព។
ការសម្លឹងមើលទៅមុខរបស់លោក Ming-Chi Kuo ជឿជាក់ថា Apple នឹងបាត់បង់ការលក់កាន់តែច្រើននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។ ការចេញលក់ iPhone SE4 នាពេលខាងមុខនឹងមិនគ្រប់គ្រាន់ ដើម្បីទូទាត់នូវអត្រានៃការលក់ធ្លាក់ចុះនោះទេ ដោយសារតែ SE ជាស្មាតហ្វូនធម្មតា ឬស្មាតហ្វូនតម្លៃសមរម្យរបស់ Apple ដូច្នេះមិនអាចមកបំពេញនូវចំណែកទីផ្សារដែលបានបាត់បង់នោះឡើយ។
ចំពោះវត្តមាន iPhone 17 អាចនឹងធ្វើឱ្យទីផ្សារនៅប្រទេសចិនល្អប្រសើរឡើងវិញបន្តិច ប៉ុន្តែបើសិនជា Apple ចេញលក់ iPhone 17 ដោយប្រើប្រាស់តែ eSIM មែននោះ នោះ Apple អាចនឹងបរាជ័យកាន់តែខ្លាំង ព្រោះថាអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនមិននិយមប្រើប្រាស់តែ eSIM មួយមុខនោះទេ។
យោងតាមការព្យាករណ៍បានឱ្យដឹងថា ការលក់ iPhone នៅក្នុងឆ្នាំ២០២៥ អាចនឹងមានចំនួនរហូតដល់ ២២៥លានគ្រឿង នៅទូទាំងពិភពលោក ដោយកើនឡើងពី ២២០លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ប៉ុន្តែវាតិចជាងការំពឹងទុក ២៤០លានគ្រឿង៕