(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
លោកបានលើកឡើងថា កម្មវិធីនេះគឺជាការលើកស្ទួយវិស័យកីឡាប៉េតង់ឲ្យមានការរីកចម្រើន រក្សានូវមិត្តភាពរឹតចំណងសាមគ្គីភាពគ្នាល្អ ដើម្បីទទួលបាននូវជ័យជំនះ។យើងទាំងអស់គ្នាមានឪកាសជួបជុំគ្នាលេងកីឡាដែលមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះដែលកម្ពុជាបានកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកសូមអរគុណដល់លោក ណឹម ចន្ថាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំដែលបង្កើតកម្មវិធីនេះឡើង និងសូមអរគុណដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមរួមទាំងគណៈកម្មការផងដែរ និងសូមឱ្យក្រុមកីឡាករទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទៅប្រកួតទីកន្លែងផ្សេងៗទៀត។
គួរបញ្ជាក់ថាក្រុមកីឡាករទាំងអស់មានចំនួន ៤៨ ក្រុមមានកីឡាករចំនួន ២៤០ នាក់ មកពីខេត្តកំពង់ចាម ៨ ក្រុម ខេត្តសៀមរាប ៤ ក្រុម ខេត្តកែបចំនួន ៣ ក្រុម រាជធានីភ្នំពេញ៤ក្រុម ខេត្តព្រះវិហារចំនួន៣ក្រុមខេត្តបាត់ដំបង១ក្រុម និងខេត្តកំពង់ធំ ២៥ ក្រុម ។
ជាលទ្ធផលបានទៅលើ៖
* ចំណាត់ថ្នាក់លេខ១ ក្លឹបមន្ទីរ៉ែនិងថាមពលខេត្តកំពង់ធំ
* ចំណាត់ថ្នាក់លេខ២ ក្លឹបដំរីសរាជធានីភ្នំពេញ។
* ចំណាត់ថ្នាក់លេខ៣ ក្លឹបសន្តិភាពរាជធានីភ្នំពេញ និងក្លឹប CPP២ កំពង់ចាម ២ ខេត្តកំពង់ចាម៕