(ភ្នំពេញ)៖ ក្រុមកំពូលតារាងភ្នំពេញក្រោន បានបន្ថយគម្លាតពិន្ទុនាំមុខក្រុមកំពុងឈរលេខ២ ព្រះខ័នរាជស្វាយរៀង ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ក្រោយប្រកួតស្មើក្រុមភ្ញៀវណាហ្គាវើលដ៏ ០-០ ក្នុងជំនួបជើងទី២ ស្របពេលក្រុមការពារតំណែងជើងឯក បានយកឈ្នះក្រុមបឹងកេត ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ក្នុងជំនួបដ៏តានតឹងនៅកីឡដ្ឋាន ស្មាត អអេសអ៊ិន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រុមដឹកនាំដោយគ្រូបង្វឹកខ្មែរលោក ឃឹម បូរី បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្នុងការរារាំងការព្យាយាមដាក់សម្ពាធដ៏ខ្លាំងក្លាពីសំណាក់ក្រុមម្ចាស់ផ្ទះ ដ្បិតភ្នំពេញក្រោន បានបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ជាច្រើនលើក តែត្រូវបានបដិសេធដោយអ្នកចាំទី រ៉េត លីហេង ។ រីឯណាហ្គាវើលដ៏ ក៏មានឱកាសស៊ុតម្ដងម្កាលដែរ តែធ្វើមិនបានសម្រេចដូចគ្នា នាំឲ្យការប្រកួតរក្សាលទ្ធផល ០-០ ដល់ចប់ការប្រកួតពេញម៉ោង ផ្ទុយពីជើងទី១ ដែលភ្នំពេញក្រោន បានយកឈ្នះក្រៅដីរហូតដល់ ៦-២ ។
ដោយឡែកជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀងវិញ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ជាការប្រកួតបានត្រឹម ៣នាទី ព្រះខ័នរាជស្វាយរៀង ក៏បានបើកការនាំមុខក្រុមនាគខៀវ ១គ្រាប់មុន តាមរយៈការតែតបញ្ចប់ទីយ៉ាងល្អរបស់ខ្សែបម្រើវ័យក្មេង មិន រតនៈ ហើយការប្រកួតបានអូសបន្លាយដល់ចុងម៉ោង ទើបមានគ្រាប់ទី២ កើតឡើង ដែលស៊ុតបញ្ចប់ទីដោយកីឡាករ Cristian Dos Santos នៅនាទី៩០+៥ ដែលជួយឲ្យក្រុមម្ចាស់ផ្ទះ បានយកឈ្នះបឹងកេត ២-០ ។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដី ២-១ ។
ក្រោយបញ្ចប់ការប្រកួតខាងលើ តាមរយៈការរកបានត្រឹម ១ពិន្ទុក្នុងដី នាំឲ្យក្រុមភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ៤១ពិន្ទុ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១៣ និងស្មើ ២ ប៉ុន្ដែបានបន្ថយគម្លាតពិន្ទុពីគូប្រជែង ពិសេសក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ដែលរកបាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៦ប្រកួតឈ្នះ ១៣ ស្មើ ១ និងចាញ់ ២ ពោលគឺចាញ់ប្រៀបត្រឹម ១ពិន្ទុប៉ុណ្ណោះ ។ យ៉ាងណាមិញភ្នំពេញក្រោន មានប្រៀបជាង ដោយពួកគេនៅសល់ប្រកួតចំណេញក្នុងដៃ ១ប្រកួតទៀត ។
ក្រឡែកទៅចាប់អារម្មណ៍ការប្រកួតសប្ដាហ៍ទី១៧ ចំនួន ៣គូផ្សេងទៀត គឺក្រុមអង្គរថាយហ្គឺរ បានស្គាល់បរាជ័យក្នុងដីលើកដំបូង ក្រោយចាញ់វិសាខា ២-០ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ បានស្គាល់ជ័យជម្នះជាថ្មី ដោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-០ បន្ទាប់ពីខកខានជ័យជម្នះប្រមាណ ៥សប្ដាហ៍ចុងក្រោយ និងក្រុមគិរីវង់សុខសែនជ័យ រកបាន ១ពិន្ទុបន្ថែម ក្រោយប្រកួតស្មើក្រុមឡាយហ្វខេត្តព្រះសីហនុ ១-១ ៕