(បរទេស)៖ លោក Jeff Bezos បានបង្ហាញទំនុកចិត្តថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk នឹងមិនទាញយកទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីបំផ្លាញក្រុមហ៊ុនអវកាសរបស់លោក Blue Origin នោះទេ។ លោក Bezos បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា លោកមានជំនឿចិត្តខ្ពស់ «Elon Musk ច្បាស់ណាស់ថា ធ្វើនេះដើម្បីផលប្រយោជន៍សាធារណៈ ហើយមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin លោក Jeff Bezos និងជាគូប្រជែង SpaceX ក្នុងឧស្សាហកម្មអវកាស បាននិយាយជាមួយ Reuters នៅក្នុងទីក្រុង Cape Canaveral រដ្ឋ Florida ដែលជាកន្លែងដែលលោកនឹងមើលការបាញ់បង្ហោះជាលើកដំបូងរបស់ Blue Origin។ រ៉ុក្កែតថ្មីនេះ មានឈ្មោះថា New Glenn មានកម្ពស់ ៣០ជាន់ ដែលត្រូវបានគេរំពឹងថា នឹងមកប្រកួតប្រជែងជាមួយនឹងភាពលេចធ្លោរបស់ SpaceX ក្នុងទីផ្សារផ្កាយរណប។
គួរជម្រាបថា ក្រុមហ៊ុន Blue Origin បង្កើតឡើងដោយលោក Jeff Bezos តាំងពីឆ្នាំ២០០០ មកម្លេះ និងបានទទួលកិច្ចសន្យាជាង ៣ ពាន់លានដុល្លារជាមួយ NASA ដើម្បីអភិវឌ្ឍយានចុះចតតាមច័ន្ទគតិជាផ្នែកនៃកម្មវិធី Artemis។ កិច្ចសន្យានេះ មានគោលបំណងជួយសម្រួលដល់ការចុះចតរបស់អវកាសយានិកនៅលើឋានព្រះច័ន្ទ ជាពិសេសកំណត់គោលដៅបេសកកម្ម Artemis V ដែលគ្រោងសម្រាប់ឆ្នាំ២០២៩។ តែយ៉ាងណា បើយោងតាមរបាយការណ៍កាលពីខែមុន លោក Bezos បាននិយាយថា សហរដ្ឋអាមេរិកគួរតែបញ្ជូនបេសកកម្មទៅកាន់ភពព្រះអង្គារ ជាជាងទៅឋានព្រះច័ន្ទជាមុនសិន ដែលជំរុញឱ្យមានការព្រួយបារម្ភពីឧស្សាហកម្មនៃការរង្គោះរង្គើដ៏ធំមួយចំពោះកម្មវិធីរុករកអវកាសរបស់ NASA៕