(មេលប៊ឺន)៖ ជើងខ្លាំងវាយកូនបាល់របស់ក្រិច Stefanos Tsitsipas ដែលបានឡើងដល់ផ្តាច់ព្រ័ត្រ Australian Open កាលឆ្នាំ២០២៣ បានជ្រុះចេញដ៏លឿនបំផុតត្រឹមជុំទី១ ប៉ុណ្ណោះនៅឆ្នាំ២០២៥ បន្ទាប់ពីចាញ់គូប្រជែងមកពីសហរដ្ឋអាមេរិក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករឈរនៅលំដាប់លេខ១១ ពិភពលោកខាងលើនេះ បានរងបរាជ័យ ៣-១ ក្រោមកណ្តាប់ដៃរបស់ Alex Michelsen ដោយមានលំដាប់ពិន្ទុ ៧-៥ ៦-៣ ២-៦ និង ៦-៤ ដ្បិត Tsitsipas បានដកខ្លួនពីវិញ្ញាសាវាយគូជាមួយប្អូនប្រុស ដើម្បីផ្តោតតែការវាយទោលនេះ ប៉ុន្តែធ្វើពុំបានល្អទៀត ក្នុងថ្ងៃទី២ ពានកម្រិត Grand Slam ដើមឆ្នាំ២០២៥។

នេះមានន័យថា រូបគេបានបន្តហាលត្រឹមជុំទី១ ជាលើកទី២ គិតចាប់តាំងពីឆ្នាំ២០២៤ ក្នុងពាន US Open និងជ្រុះចេញក្នុងជុំទី២ នៅពាន Wimbledon។

Tsitsipas នៅបន្តរង់ចាំឈ្នះជើងឯកក្នុងកម្រិត Grand Slam ក្រោយពេលបានត្រឹមរងជើងឯក ២លើកប៉ុណ្ណោះនៅទីក្រុង Melbourne កាល ២ឆ្នាំមុន និងផ្តាច់ព្រ័ត្រឆ្នាំ២០២១ នៅពាន French Open ដោយបានចាញ់ជើងខ្លាំង Novak Djokovic ទាំង ២លើកតែម្តង៕