(សៀមរាប)៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា  បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ  និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។

មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់ជាដើម។ លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំរាប់រយឆ្នាំទៅមុខទៀត។

សូមបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូចត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារអាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ នៅឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលសល់ស្លាកស្នាមគ្រឹះនិងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។ យ៉ាងណា នេះជាស្លាកស្នាមបុរាណដ្ឋានដ៏សំខាន់ដែលអ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្រ្តដែលគួរត្រូវបានរក្សា និងជួសជុលឱ្យគង់វង្សបន្តទៀត៕