(បរទេស)៖​ ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងការផាកពិន័យជាប្រាក់ចំនួន ១.៥ពាន់លានផោន (ប្រហែល ១.៩ពាន់លានដុល្លារអាមេរិក) ​ក្រោម​បទចោទប្រកាន់ប្រឆាំងនឹងការអនុវត្តផ្ដាច់មុខនៅលើ App Store នៅចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយ​របស់ស​ារ​ព័ត៌មាន iPhone Errors នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោកបណ្ឌិត Rachael Kent មកសកលវិទ្យាល័យ King’s College London បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះថា បាន​បំពានច្បាប់ប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស និងអឺរ៉ុប ដោយរក្សាភាពផ្ដាច់មុខប្រឆាំងនឹងការប្រកួតប្រជែងនៅលើ App Store របស់ខ្លួន។ ​ជាការឆ្លើយតប ក្រុមហ៊ុន Apple បាននិងកំពុងតែត្រៀមលក្ខណៈសម្រាប់ការតស៊ូផ្លូវច្បាប់​សម្រាប់ការចោទប្រកាន់មួយនេះវិញផងដែរ ដោយ​បានអះអាងថាខ្លួនស្អាតស្អំ។

នៅក្នុងពាក្យបណ្ដឹងបានអះអាង ក្រុមហ៊ុន Apple បានទាមទារ ឬតម្រូវឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ទាញយកឱ្យទាញយក App ចេញ​ពី App Store តែមួយគត់ ដែលវាជាការការប្រកួតប្រជែងដោយអយុត្តិធម៌។ លើសពីនេះ Apple បានគិតថ្លៃកម្រៃជើងសារ​ពីអ្នកអភិវឌ្ឍន៍ (App Developer) រហូតដល់ ៣០ភាគរយ លើការប្រាក់ចំណូលដែលពួកគេរកបានតាមរយៈ App Store ដែលវាជាការទាមទារមួយដ៏ខ្ពស់ និង​មិនសមរម្យ។

លោកបណ្ឌិត Kent ដែលតំណាងឱ្យអ្នកប្រើប្រាស់ iPhone និង iPad ចក្រភពអង់គ្លេសប្រមាណ ជិត ២០លាននាក់ បានអះអាងថា ការ​អនុវត្ត​ទាំង​នេះបាននាំឱ្យមានការកើនឡើងនៃការចំណាយសម្រាប់កម្មវិធី និងការទិញក្នុងកម្មវិធី។ ពាក្យបណ្ដឹងនេះ​ បាន​ចោទ​ប្រកាន់​ Apple ដោយ​គិត​ចាប់ពីខែតុលា ឆ្នាំ ២០១៥ ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយអ្នកប្រើប្រាស់​ដែលរងផលប៉ះពាល់ទាំងអស់ត្រូវ​បាន​រួមបញ្ចូលនៅក្នុង​ការ​ទាមទារ​ដោយស្វ័យប្រវត្តិ។

បណ្ដឹង​នេះ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ដែល​ Apple បាន​ប្រើ​ជំហរ​លេចធ្លោ​របស់​ខ្លួន​ដើម្បី​រារាំង​ការ​ប្រកួត​ប្រជែង។ លោកបណ្ឌិត Kent ណែនាំថា App Store ដែលធ្លាប់មើលឃើញថាជា «ច្រកផ្លូវ» ប្រកបដោយភាពច្នៃប្រឌិតសម្រាប់សេវាកម្ម ប៉ុន្តែវាបានវិវត្តទៅជា «ច្រកផ្លូវតែមួយគត់» និងបានរារាំងសេវាកម្ម និងតម្លៃ ពោលគឺជាកន្លែងទទួលបានផលចំណេញសម្រាប់តែ Apple តែមួយគត់។

យ៉ាង​ណា​មិញ Apple បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​អះអាង​នេះ។ ក្រុមហ៊ុនបានលើកឡើងពាក់ព័ន្ធនឹងពាក្យបណ្តឹងនេះថា «គ្មានប្រយោជន៍» ហើយអះអាងថា អត្រាកម្រៃជើងសារ App Store របស់ខ្លួនគឺ «ច្រើនណាស់នៅក្នុងចរន្ត» បើប្រៀបធៀបទៅ​នឹង​ទីផ្សារ​ឌីជីថលផ្សេងទៀត។ Apple អះអាងបន្ថែមថា ៨៥ភាគរយ នៃកម្មវិធីនៅលើ App Store គឺឥតគិតថ្លៃ ហើយអ្នកអភិវឌ្ឍន៍ជាច្រើនមាន​សិទ្ធិ​ទទួល​បាន​អត្រាកម្រៃជើងសារ ១៥ភាគរយ។

នេះមិនមែនជាសំណុំរឿងតែមួយនោះទេ ដែល Apple ត្រូវបានប្រឈមមុខនៅចក្រភពអង់គ្លេសនេះ បច្ចុប្បន្ននេះ Apple កំពុងតែដោះស្រាយ​សំណុំរឿងពីរករណីដាច់ដោយឡែកផ្សេងពីគ្នា ដោយក្នុងនោះមានសំណុំរឿងពាក់ព័ន្ធនឹងអ្នកអភិវឌ្ឍន៍កម្មវិធី ដែលត្រូវប្រឈម​មុខនឹងការ​ពិន័យ ៧៨៥លានផោន និងទទួលការផាកពិន័យ ៥០០លានផោនពីគណៈកម្មការអឺរ៉ុប​ជុំវិញការអនុវត្តប្រឆាំង​នឹងការប្រកួត​ប្រជែង​នៅក្នុង​វិស័យស្ទ្រីមតន្ត្រី ( Music Streaming)។

ប្រសិនបើតុលាការសម្រេចយល់ព្រមលើបណ្តឹងរបស់លោកវេជ្ជបណ្ឌិត Kent នោះ Apple អាចត្រូវបានបង្ខំឱ្យផ្លាស់ប្តូរគោលការណ៍ App Store របស់ខ្លួន និងផ្តល់សំណងដល់អ្នកប្រើប្រាស់ដែលត្រូវបានចោទប្រកាន់ថាបានគិតប្រាក់លើស។ ករណី​នេះ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ទីផ្សារ​កម្មវិធី ( App Marketplaces)​ ​ដែល​មាន​សក្តានុពល​ក្នុង​ការ​កែប្រែ​សេដ្ឋកិច្ច​ឌីជីថល​៕