(ភ្នំពេញ)៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រំពឹងការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» នឹងបង្កើនទំនាក់ទំនង និងសាមគ្គីភាព រវាងមន្ដ្រីកងកម្លាំងអនុវត្តច្បាប់គ្រប់អង្គភាពចំណុះកាន់តែល្អប្រសើរ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតបែងចែកពូល «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ នៅទីស្ដីការក្រសួងមហាផ្ទៃនាល្ងាចថ្ងៃទី១៣ ខែមករា គ្រាដែលការប្រកួតបាល់ទាត់ក្របខណ្ឌប៉ូលិសនេះ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដោយមានបេក្ខភាព ១៣ក្រុមចូលរួម។
ថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់ខាងលើបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបអគ្គលេខាធិការរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ សំដៅបណ្តុះស្មារតីស្រលាញ់កីឡា និងលេងកីឡាដើម្បីសុខភាព រឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានចំណុះក្រសួងមហាផ្ទៃ។
លោកទទួលស្គាល់ការរៀបចំ ក៏ដូចជាការប្រកួតលើកដំបូងកាលពីឆ្នាំកន្លងទៅ តែងមានការខ្វះចន្លោះ ប៉ុន្ដែសម្រាប់រដូវកាលថ្មីនេះ អ្វីៗនឹងកាន់តែល្អប្រសើរ បន្ទាប់ពីមានការកែលម្អនូវការរៀបចំ និងការយល់កាន់តែច្បាស់អំពីច្បាប់ល្បែង និងបទបញ្ជាការប្រកួតពីសំណាក់ក្រុមចូលរួមទាំងអស់។ ការណ៍នេះលោកជឿជាក់ថា ការប្រកួតនឹងកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ ក្រោមស្មារតីយោគយល់គ្នា ដើម្បីបង្កើននូវមិត្តភាព សាមគ្គីភាព រវាងក្រុមតំណាងអង្គភាពចូលរួមទាំងអស់។
លោក សរ សិទ្ធិ បន្ថែមថា ក្រៅពីកីឡាបាល់ទាត់ ដោយមានការណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏នឹងមានរៀបចំការប្រកួតកីឡាជាច្រើនទៀត ដើម្បីពង្រឹងសកម្មភាពកីឡាក្នុងក្របខណ្ឌមន្ដ្រីកងកម្លាំងអនុវត្តច្បាប់ ដោយផ្ដើមចេញពីសកម្មភាព ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព រវាងកងកម្លាំងអនុវត្ដច្បាប់នៅកម្ពុជា ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក តាមរយៈការប្រកួតកីឡា ដ្បិតកន្លងមកក្រសួងមហាផ្ទៃ ក៏បានបញ្ជូនអត្តពលិកចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិមាតុភូមិជាច្រើនផងដែរ។
គួរដឹងថា សម្រាប់បេក្ខភាព ១៣ក្រុមដែលត្រៀមចូលរួម «ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ ត្រូវបានបែងចែកជា ៤ពូល ក្នុងនោះពូល A ពូល B និងពូល C មាន ៣ក្រុមស្មើគ្នា ខណៈពូល D មាន ៤ក្រុម។ សម្រាប់ពិធីបើកការប្រកួតនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១៦ ខែមករា នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) មុនចាប់ផ្ដើមការប្រកួតជម្រុះតាមពូល រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។ រីឯវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិវិញ៕