(បរទេស)៖ កីឡាករប្រដាល់សកល Tyson Fury បានប្រកាសពីការព្យួរហ្គង់នៅលើជញ្ជាំងជាលើកទី២ នៅដើមឆ្នាំ២០២៥ នេះ បន្ទាប់ពីលើកទី១ កាលឆ្នាំ២០២២ កន្លងទៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមករានេះថា កីឡាករទម្ងន់ពិភពលោក វ័យ ៣៦ឆ្នាំ បានប្រកាសពីការចូលនិវត្តន៍របស់លោកម្តងទៀត បន្ទាប់ពីប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់ WBA, WBC និង WBO បានចាញ់ពិន្ទុម្ចាស់ផ្ទះខ្សែក្រវាត់ Oleksandr Usyk នាអំឡុងខែធ្នូ ឆ្នាំ២០២៤។
នេះជាលើកទី២ ផងដែរ ដែលកីឡាករអន្តរជាតិអង់គ្លេស Fury បានប្រកាសឈប់ឡើងសង្វៀនប្រកួតទៀត នៅពេលលើកទី១ ធ្វើឡើងនៅខែមេសា ឆ្នាំ២០២២ បន្ទាប់ពីផ្តួល Dillian Whyte រួចមក និងបានតែ ៦ខែប៉ុណ្ណោះ ក៏ត្រឡប់មកប្រកួតវិញ។
Fury អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក និងកំពុងកាន់កាប់កំណត់ត្រាឈ្នះ ៣៤លើក ចាញ់ ២លើក និងស្មើ ១លើកផងនោះបានថ្លែងថា «សួស្តីអ្នកគ្រប់គ្នា! ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីប្រដាល់ហើយ។ វាហាក់ដូចជាជាលឿនពេក ដ្បិតខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងគ្រប់វិនាទីរបស់ខ្ញុំនៅលើសង្វៀន ដែលវាបានឈានមកដល់ទីបញ្ចប់នាពេលនេះ»៕